លោក ស ខេង ៖ ការផ្ដល់ស្នាមញញឹម ភាពទន់ភ្លន់របស់មន្ត្រីច្រកព្រំដែន ស្មើនឹងការផ្ញើសារដ៏ល្អរបស់កម្ពុជាទៅកាន់ជនបរទេស
លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការផ្តល់ស្នាមញញឹម និងកាយវិការទន់ភ្លន់ ប្រកបដោយភាពរាក់ទាក់របស់មន្ត្រីតាមច្រកព្រំដែន ស្មើនឹងការផ្ញើសារដ៏ល្អរបស់កម្ពុជា ទៅកាន់ជនបរទេសជាច្រើន។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលេីកទិសដៅការងារ ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ លោក ស ខេង បានប្រកាសគាំទ្រពេញទំហឹងចំពោះគោលការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលណែនាំឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍គ្រប់រូបអនុវត្តន៍នូវពាក្យស្លោក “ផ្តល់សេវាដោយស្នាមញញឹម” ដោយលោក ស ខេង យល់ឃេីញថា នេះជាការចូលរួមយ៉ាងប្រពៃក្នុងការអនុវត្តគោលនយោបាយស្រូបទាញអ្នកទេសចរជាតិ និងអន្ដរជាតិ ព្រមទាំងស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជំរុញឱ្យគ្រប់ក្រសួង-ស្ថាប័នបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋបានលឿនរហ័ស និងប្រកបដោយតម្លាភាព ។
លោក ស ខេង ថា នៅក្នុងសកម្មភាពជាក់ស្តែង ការផ្តល់ស្នាមញញឹម និងកាយវិការទន់ភ្លន់ប្រកបដោយភាពរាក់ទាក់របស់បងប្អូន ជាពិសេសមន្ត្រីដែលធ្វើការនៅតាមច្រកទ្វារ គឺមានន័យស្មើនឹង ការផ្ញើសារដ៏ល្អរបស់កម្ពុជាទៅកាន់ជនបរទេស ជាច្រើនទៀត ដែលសារនោះ នឹងជួយអន្ទងឱ្យពួកគេចង់មកឃើញមកស្គាល់មកទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានណែនាំដល់មន្រ្តីនគរបាលត្រូវបន្តលើកកម្ពស់តួនាទី ជាកងកម្លាំងជួរមុខរបស់ប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ក្នុងការបង្ការ រារាំងសមាសភាពអាក្រក់មិនទុកឱ្យពួកភេរវកម្ម មានលទ្ធភាពយកកម្ពុជាធ្វើជាទីជម្រក ដើម្បីលាក់ខ្លួនចាត់តាំងសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ប្រភេទ ឬគេចពីសំណាញ់ច្បាប់នៅប្រទេសក្រៅនោះឡើយ ។
ឆ្លៀតឱកាសនោះដែរ លោក ស ខេង ក៏បានផ្ដាំផ្ញេីទៅមន្ត្រីនគរបាលច្រកទ្វារ ក្នុងការត្រួតពិនិត្យអ្នកដំណើរចេញ-ចូល ការស្វែងរកឯកសារមិនប្រក្រតី និងបណ្តាមុខសញ្ញាផ្សេងៗក្នុងបញ្ជីខ្មៅអន្តោប្រវេសន៍ ដើម្បីវិនិច្ឆ័យ ដោះស្រាយប្រកបដោយប្រសិទ្ធភាព ជាមួយនេះ ត្រូវលើកកម្ពស់ការប្រើប្រាស់ និងការថែទាំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលក្រសួងបំពាក់ជូនឱ្យបានល្អប្រសើរ និងប្រើអស់លទ្ធភាព ដើម្បីមានទិន្ន័យគ្រប់គ្រាន់សម្រាប់ការវិភាគ តាមដាន និងការដាក់ចេញនូវវិធានការចាំចាច់នានា ទៅតាមសំណូមពរការងារជាក់ស្តែង ។
សូមជម្រាបថា យោងតាមរបាយការណ៍បូកបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅកាងារឆ្នាំ២០២០ បានឲ្យដឹងថា អគ្គនាយករដ្ឋានអន្ដោប្រវេសន៍ បានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ នៅកម្ពុជាចំនួន ៣៧.៤៣៦ ឯកសារ មានចំនួន ២០.១០៧គ្រួសារ មនុស្ស ៦៩.៩៥៧នាក់ ស្មើនឹង ៩៤,៩៧% នៃចំនួន ដែលបានធ្វើស្ថិតិ។
របាយការណ៍ បញ្ជាក់បន្ថែមថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណ៏ ប្រកាសបិទការភ្នាល់គ្រប់ប្រភេទ តាមប្រព័ន្ធអេឡិចត្រូនិច online អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានអះអាងថា មានជនជាតិចិនជាង ២០ម៉ឺននាក់ បានចាកចេញពីប្រទេសកម្ពុជា៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!