សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Yeungnam នៃប្រទេសកូរ៉ខាងត្បួង
នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចូលរួមពិធីចុះអនុស្សរណៈនៃការយោគ យល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាកលវិទ្យាល័យ Yeungnam នៃសាធារណរដ្ឋកូរ៉េ។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ផ្តោតទៅលើការផ្លាស់ប្តូរបទពិសោធន៍ និងដំណើរទស្សនកិច្ចសិក្សារវាងថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យទាំងពីរ ដែលបានចុះហត្ថលេខាដោយលោកបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងលោក Sur Gil Soo នាយកសាកលវិទ្យាល័យ Yeungnam ។
ក្រោយពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ថ្នាក់ដឹកនាំមកពីស្ថាប័នឧត្តមសិក្សាទាំងពីរ បានចូលរួមកម្មវិធីសម្តែងសិល្បៈ និងប្រគុំតន្ត្រី ដោយនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផងដែរ ។
គួរកត់សម្គាល់ដែរថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យ Yeungnam ។
ជាក់ស្ដែង កាលពីខែសីហា ឆ្នាំ២០១៩ កន្លងទៅ គណៈប្រតិភូចំនួន២៣រូបពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមហាវិទ្យាល័យតូរ្យតន្ត្រី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដឹកនាំដោយលោក យន់ ខៀន អនុរដ្ឋលេខាធិការ និងលោកបណ្ឌិត ហង្ស រិទ្ឋីរ៉ាវុធ ព្រឹទ្ធបុរសស្តីទីនៃមហាវិទ្យាល័យតូរ្យតន្ត្រី បានធ្វើទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ Yeungnam ដើម្បីប្រគុំបទភ្លេងនគររាជរួមគ្នា រវាងក្រុមតន្រ្តីករនៃមហាវិទ្យាល័យតូរ្យតន្រ្តី និងវង់ភ្លេង Philharmonic Orchestra របស់សាកលវិទ្យាល័យ Yeungnam ។
ក្នុងដំណើរទស្សនកិច្ចនោះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ Yeungnam និងថ្នាក់ដឹកនាំខេត្ត Kyungsangbuk-do នៃសាធារណរដ្ឋកូរ៉េ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!