សកម្មជនការពារព្រៃឈើ អះអាងថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ហាក់មិនទាន់ទទួលបានប្រសិទ្ធភាព និងជោគជ័យ នោះឡើយ ខណៈមេឈ្មួញរកស៊ីឈើធំៗ មិនត្រូវបានចាប់ខ្លួន
នៅឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចាប់ និងបញ្ជូនខ្លួនអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ ៥៩នាក់បញ្ជូនទៅកាន់តុលាការ ក្នុងនោះចាប់យកឈើចម្រុះសរុប ចំនួន ៩,២១៥,៨៧៦ម៉ែត្រគូប តែយ៉ាងណា សកម្មជនការពារព្រៃឈើ អះអាងថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ហាក់មិនទាន់ទទួលបានប្រសិទ្ធភាព និងជោគជ័យ នោះឡើយ ខណៈមេឈ្មួញរកស៊ីឈើធំៗ មិនត្រូវបានចាប់ខ្លួន ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីវឌ្ឍនភាពការងាររបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអោយដឹងថា នៅក្នុងឆ្នាំ២០១៩ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចាប់ និងបញ្ជូនខ្លួនជនប្រព្រឹត្តបទល្មើសព្រៃឈើ ចំនួន ៥៩ នាក់ ទៅកាន់តុលាការ ។
ក្រៅពីឃាត់ និងបញ្ជូនខ្លួនជនប្រព្រឹត្តបទល្មើសព្រៃឈើ ហើយនោះ គណកម្មការជាតិ ក៏បានចាប់យកឈើចម្រុះ ចំនួន ៩,២១៥,៨៧៦ម៉ែត្រគូប រថយន្ត និងមធ្យោបាយដឹកជញ្ជូនឈើ ៤៩១គ្រឿង ត្រូវបានរឹបអូស ហើយរថយន្តបាកុង និងមធ្យោបាយកែច្នៃសរុប ២១២គ្រឿងទៀត ត្រូវបានបំផ្ទុះ ដុត និងកាត់បំផ្លាញចោល នៅនឹងកន្លែង ផងដែរ ។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានគូសបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ការកាប់ឈើ និងការដឹកជញ្ជូនឈើ ដោយខុសច្បាប់ ជាលក្ខណៈទ្រង់ទ្រាយធំ មានភាពស្ងប់ស្ងាត់ ប៉ុន្តែនៅមានការលូចបន្លំ ដឹកជញ្ជូនផល អនុផលព្រៃឈើដោយខុសច្បាប់ តាមរូបភាពជារថយន្តសាំយ៉ុង រថយន្តកែច្នៃធុនតូច គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រ៉ឺម៉ក ជាដើម ។
គណៈកម្មការជាតិ ក៏បានអំពាវនាវដល់សាធារណជន និងអ្នកសារព័ត៌មានបន្តចូលរួមផ្តល់ព័ត៌មានពិត ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ដើម្បីអាចឈានទៅរកការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសព្រៃឈើ ផងដែរ ។
ក្នុងនោះដែរ សម្រាប់ឆ្នាំ២០២០ ដើម្បីចូលរួមថែរក្សានូវធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដាក់ចេញនូវវិធានការមួយចំនួន រួមមាន ៖
ទី១៖ អភិបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ តាមរយៈគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ធ្វើការដឹកនាំសម្របសម្រួលកងកម្លាំង មន្ត្រីជំនាញមានសមត្ថកិច្ចនានា ដែលស្ថិតក្នុងដែនសមត្ថកិច្ច របស់ខ្លួន ធ្វើការត្រួតពិនិត្យរាល់ការដឹកជញ្ជូនផល អនុផលព្រៃឈើដែលមានការអនុញ្ញាតទាំងអស់ ចាប់ពីដើមទី កណ្តាលទី និងចុងទី។ ត្រួតពិនិត្យរោងសន្និធិ ឃ្លាំង សិប្បកម្មកែច្នៃផល អនុផលព្រៃឈើ និងចាត់នូវវិធានការចាំបាច់នានា ស្របនឹងសារាចរណែនាំ របស់រាជរដ្ឋាភិបាល លេខៈ ០៥ ស.រ.ណ.ន ស្តីពី វិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រង ធនធានធម្មជាតិ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។
ទី២៖ បុគ្គល ឬក្រុមហ៊ុនដែលពាក់ព័ន្ធ ការប្រព្រឹត្តបទល្មើសព្រៃឈើនេះ នឹងត្រូវអនុវត្តវិធានការច្បាប់។ ជនសង្ស័យ និងវត្ថុតាងត្រូវកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងតាមនីតិវិធី។
ទី៣៖ មធ្យោបាយ ឧបករណ៍ និងសម្ភារ ដែលបំផ្លាញព្រៃឈើមានដូចជា រថយន្ត គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រម៉ក រណារយន្ត ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោល ដោយអនុលោម តាមមាត្រា១១៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ «វត្ថុដែលមានគ្រោះថ្នាក់ចំពោះមនុស្ស ឬចំពោះទ្រព្យសម្បត្តិ ដូចជាអាវុធ ឬជាតិផ្ទុះ ព្រមទាំងវត្ថុដែលបានកាន់កាប់ដោយខុសច្បាប់ មិនអាចប្រគល់ឲ្យវិញបានទេ។ វត្ថុទាំងនោះ ត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋ ឬត្រូវបំផ្លាញចោល»។
តែទោះជាយ៉ាងណា សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ បានអះអាងថា ប្រតិបត្តិការបង្ក្រាប ទប់ស្កាត់បទល្មើសព្រៃឈើ ពីសំណាក់គណកម្មការជាតិ នាពេលសព្វថ្ងៃនេះ ហាក់មិនទាន់ទទួលបានប្រសិទ្ធភាព និងជោគជ័យ នៅឡើយនោះទេ ដែលលោក ចាត់ទុកថា គ្រាន់តែជាការបង្ហាញនូវលទ្ធផលមួយផ្នែកតូចរបស់គណកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប៉ុណ្ណោះ ។
សកម្មជនព្រៃឈើរូបនេះ បានសង្កត់ធ្ងន់ថា ការចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសព្រៃឈើ កន្លងមកនេះ គ្រាន់តែជាក្រុមឈ្មួញរកឈើតូចតាច តែប៉ុណ្ណោះ ដោយក្រុមឧក្រិដ្ឋជនរកស៊ីឈើ និងជនមានអំណាចនៅពីក្រោយនៃការកាប់បំផ្លាញព្រៃឈើ ដែលមានងារជាឧកញ៉ាធំៗមួយចំនួន មិនត្រូវបានបង្ក្រាប និងធ្វើការចាប់ខ្លួន យកមកផ្ដន្ទាទោសតាមច្បាប់ នោះទេ ។ សំឡេង ៖
ទាក់ទងនឹងវិធានការបន្ត ក្នុងការអនុវត្ត នាឆ្នាំ ២០២០ របស់គណកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក ហេង ស្រស់ មើលឃើញថា គ្រាន់ជាទិសដៅការងារអនុវត្តន៍បន្ត ប៉ុណ្ណោះ ប៉ុន្តែស្ថានភាពជាក់ស្ដែង គឺគ្មានប្រសិទ្ធភាព និងឥទ្ធិពលអ្វី ក្នុងការទប់ស្កាត់ បង្ក្រាប ឬកាត់បន្ថយបទល្មើសព្រៃឈើ បាននោះទេ ខណៈដែលក្រសួងកសិកម្ម នៅតែបន្តចេញ និងផ្ដល់នូវប័ណ្ណអនុញ្ញាតអោយមានក្រុមហ៊ុន កាប់បំផ្លាញធនធានព្រៃឈើ ជាដដែលនោះ ។ ដូច្នេះក្នុងនាមសកម្មការពារព្រៃឈើ លោក ហេង ស្រស់ នៅតែទទួចអោយរាជរដ្ឋាភិបាល ជាពិសេសគណកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផងនោះ ត្រូវតែស្នើទៅកាន់កក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ឍប់ ឬលុបចោលទាំងអស់ នូវការចេញ ឬផ្ដល់ប័ណ្ណធ្វើអាជីវកម្មកែច្នៃឈើ ជាបន្ទាន់ ទើបអាចការពារ និងថែរក្សាធនធានព្រៃឈើកម្ពុជា បានគង់វង្សយូរអង្វែង ទុកជាផលប្រយោជន៍ជាតិ និងប្រជាជន ។ សំឡេង ៖
គូររំលឹកដែរថា ក្រោយការបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ដោយមានលោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺជាប្រធាននៃគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមមានសមាសភាពគ្រប់គ្រងមកពីកងរាជអាវុធហត្ថ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជាធរថ្នាក់ក្រោមជាតិ ផងដែរនោះ គណកម្មការជាតិ និងអាជ្ញាធរមានសមត្ថកិច្ច បានបង្ក្រាបបទល្មើសព្រៃឈើ ជាច្រើនករណី ដោយក្នុងនោះ មានមនុស្សមួយចំនួន រួមទាំងមន្រ្តីរាជការ និងឈ្មួញឈើ ត្រូវបានចាប់ខ្លួន ហើយឈើជាច្រើនម៉ែត្រគូបត្រូវបានរឹបអូស ខណៈមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើនេះ ត្រូវបានដុតបំផ្លាញចោលជាច្រើនគ្រឿង ផងដែរ ។ ដោយក្នុងនោះជនប្រព្រឹត្តបទល្មើសព្រៃឈើធំមួយចំនួនត្រូវបានចាប់ខ្លួន ជាបន្តបន្ទាប់ រួមមានដូចជា ៖ លោក សឹង សំអុល មេឈ្មួញឈើល្បីឈ្មោះមួយរូបនៅកម្ពុជា រួមជាមួយបក្ខពួក៣នាក់ផ្សេងទៀត លោក គង់ គ្រឹង ឈ្មួញរកស៊ីឈើប្រចាំខេត្តក្រចេះ រួមជាមួយមេឈ្មួញរកស៊ីឈើជាច្រើននាក់ទៀត ផងដែរ ដែលបានចាប់ និងបញ្ជូនខ្លួនទៅតុលាការ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!