ការជួបជុំរបស់ប្រជាពលរដ្ឋរងគ្រោះដីធ្លី នៅខេត្តព្រះវិហារ ត្រូវបានខកខាន
សូមស្តាប់សេចក្តីរាយការណ៍៖
តំណាងរបស់ប្រជាពលរដ្ឋមកពីស្រុកត្បែងមានជ័យ ក្នុងឃុំប្រមេរ អ្នកស្រី នួន ម៉ុន បានអោយវិទ្យុសំឡេងយុវជន VoY ដឹងនៅព្រឹកនេះថា គោលបំណងដែលប្រជាសហគមន៍ចំនួន ៧ ស្រុកមកជួបជុំគ្នានៅមុខសាលាខេត្តព្រះវិហារនេះ ដើម្បីយកញត្តិទៅដាក់នៅសាលាខេត្តសុំអន្តរាគមន៍ពីមន្ត្រីអាជ្ញាធរជួយដោះស្រាយ លើវិវាទរបស់ពួកគេជាមួយនិងក្រុមហ៊ុនដីសម្បាទាន ដែលក្រុមហ៊ុនបានធ្វើការរំលោភលើដី និងឈូសឆាយដំណាំ ដីស្រែ អាស្រ័យផល។
អ្នកស្រីនួន ម៉ុន បន្ថែមថា នៅព្រឹកនេះ សកម្មភាពធ្វើដំណើររបស់ពួកអ្នកស្រីពុំបានទៅដល់គោលដៅដែលបានកំណត់នោះទេ ដោយសារតែមានការដាក់ប៉ារាស់រាំងស្ទះ រារាំងមិនអោយមានការបន្តដំណើរទៅកាន់សាលាខេត្តព្រះវិហារ តែយ៉ាងណាអ្នកស្រីបញ្ជាក់ថា និងរិះរកវិធីទៅមុខអោយទាល់តែបាន។
សំឡេង
តំណាងសហគមន៍រងគ្រោះម្នាក់ទៀត ដែលបានទៅដល់នៅមុខសាលាខេត្ត លោក ពេជ ពាន់ បានអោយដឹងថា ពួកលោកមកទីនេះដើម្បីសុំអោយខាងអាជ្ញាធរដែនដីជួយដោះស្រាយពីទុក្ខលំបាករបស់ពួកគេ ដែលទទួលការរំលោភបំពានពីសំណាក់ក្រុមហ៊ុន រ៉ូយហ្វេង បានធ្វើការឈូសឆាយ ដីធ្វើស្រែចម្ការរបស់ពួកគេ ហើយខាងអាជ្ញាធរហាក់ដូចជាមិនមានចំណាត់ការដោះស្រាយបញ្ហានេះ នោះទេ បែជាយកសមត្ថកិច្ចមករារាំងសកម្មភាពរបស់ពួកគេទៅវិញ។
សំឡេង
ពាក់ព័ន្ធទៅនឹងករណី បណ្តាញសហគមន៍នៅខេត្តព្រះវិហារមកជួបជុំសុំអន្តរាគមន៍ពីអាជ្ញាធរដែនដី មន្ត្រីសម្របសម្រួល អាដហុក ប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់បានអោយដឹងថា រហូតមកទល់នឹងពេលនេះ ការជួបជុំរបស់សហគមន៍ ដែលគ្រោងនឹងមកខ្ទង់ពាន់នាក់នោះត្រូវបានរំសាយទៅវិញអស់ហើយ។
សំឡេង
មន្ត្រីសម្របសម្រួលអង្គការអាដហុក រូបនេះ បានអោយដឹងថាសមត្ថកិច្ចមិនគួរណា មករារាំងសកម្មភាពរបស់ប្រជាពលរដ្ឋទាំងនោះ នោះទេ គួរណាស់តែជួយដោះស្រាយទុក្ខលំបាករបស់ពួកគេ មិនគួរណាបណ្តែតបណ្តោយអោយមានរឿងបែបនេះកើតឡើងនោះឡើយ។
សំឡេង
ពាក់ព័ន្ធទៅនឹងករណីដាក់កងកម្លាំងរារាំងមិនអោយ ពលរដ្ឋរងគ្រោះទាំងនោះ ធ្វើដំណើរមកសាលាខេត្តព្រះវិហារ វិទ្យុសំឡេងយុវជន VoY មិនអាសុំការឆ្លើយបំភ្លឺពីអាជ្ញាធរ ស្រុក និងខេត្តបាននោះទេ។
គូសបញ្ជាក់ថា សហគមន៍រងគ្រោះចំនួន ៧ស្រុកដែលមកធ្វើការជួបជុំនៅព្រឹកនេះ សុំអោយអាជ្ញាធរជួយដោះស្រាយបញ្ហាផលប៉ះពាល់ដីធ្លីស្រែ ចម្ការ ដីលំនៅដ្ឋាន ការរំលោភឆូសឆាយដីលំនៅដ្ឋាន និងការរំលោភយកដីរបស់ពួកគេជាដើម និងបញ្ហាមួយចំនួនទៀត ពីសំណាក់ក្រុមហ៊ុនដីសម្បទាន រ៉ូយ ហ្វេង និងក្រុមហ៊ុនសម្បទានមួយចំនួនទៀត។ ដោយឡែកសហគមន៍រងគ្រោះទាំង ៧ស្រុកនោះ រួមមាន ស្រុក ត្បែងមានជ័យ ស្រុកឆែប ស្រុកជ័យសែន ស្រុកគូលែន ស្រុកសង្គមថ្មី និងស្រុកជាំក្សាន្តជាដើម៕
ដោយ៖ ញ៉ែម ប្រសិដ្ឋ
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!