ក្រសួងសាធារណការ និងដឹកជញ្ជូន បើកកិច្ចប្រជុំកែសម្រួលសមាសភាពនៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
ក្រសួងសាធារណការ និងដឹកជញ្ជូន បើកកិច្ចប្រជុំកែសម្រួលសមាសភាពនៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ។
នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំកែសម្រួលសមាសភាពថ្នាក់ដឹកនាំនៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធ និងតំណាងអភិបាល ២៥រាជធានីខេត្ត។
ក្នុងកិច្ចប្រជុំកែសម្រួលសមាសភាពថ្នាក់ដឹកនាំ គឺយោងលើអនុក្រិត្យ លេខ ១៤១ អនក្រ.បក ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្នុងគោលបំណងបំលាស់ប្តូរមន្រ្តីអនុវត្ត ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ និងបង្កើនវិធានការយ៉ាងម៉ឺងម៉ាត់លើយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
បន្ថែមពីលើការកែប្រែសមាសភាពនេះ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញពីប្រព័ន្ធបច្ចេកវិទ្យាថ្មីដោយប្រើប្រាស់កាមេរ៉ា និងជញ្ជីងស្វ័យប្រវត្ត ដើម្បីជាយន្តការទប់ស្កាត់ និងត្រួតពិនិត្យយានយន្តដឹកជញ្ជូនដែលអាចបញ្ជូនព័ត៌មានបានយ៉ាងរហ័សដល់ថ្នាក់ដឹកនាំ និងសមត្ថកិច្ចពាក់ព័ន្ធ។
លោករដ្ឋមន្រ្តី ក៏បានជូនដំណឹងដល់សមាជិកអង្គប្រជុំអំពីគម្រោងបង្កើតកម្មវិធីរាយការណ៍យានយន្តដឹកលើសទម្ងន់ និងគ្រោះថ្នាក់ចរាចរណ៍តាមរយៈទូរសព្ទដៃ ដូចកម្មវិធីថែទាំផ្លូវ Road Care Mobile App។ ក្នុងកិច្ចប្រជុំនេះក៏ទទួលបានធាតុចូលសំខាន់ៗមួយចំនួនផងដែរ ពីក្រសួងពាក់ព័ន្ធ និងតំណាងរដ្ឋបាល ទាំង ២៥រាជធានីខេត្ត ដើម្បីស្វែងរកយន្តការ ទប់ស្កាត់បទល្មើសនៃការដឹកលើសទម្ងន់កម្រិតកំណត់។
គួរបញ្ជា្កក់ថានេះជាការកែសម្រួលទ្រង់ទ្រាយធំលើមន្រ្តីបំរើការនៅអង្គភាពស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ មន្ត្រីនៃលេខាធិការដ្ឋាននៃគណៈកម្មការសម្របសម្រួលអចិន្ត្រៃយ៍ និងគណៈកម្មការសម្របសម្រួលអចិន្ត្រៃយ៍៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!