ទូតសហរដ្ឋអាមេរិក បញ្ជាក់ថា បេសកកម្មកាទូតនៅកម្ពុជា គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា-អាមេរិក
លោក ប៉ាទ្រីក មើហ្វី ( Patrick Murphy) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានបញ្ជាក់ជម្រាបលោក ហេង សំរិន ប្រធានរដ្ឋសភា ថា បេសកកម្មការទូតរបស់លោកនៅកម្ពុជា នាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើង។
ក្នុងការចូលជួបសម្តែងការគួរសម ជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក ប៉ាទ្រីក មើហ្វី បានឱ្យតម្លៃខ្ពស់ដល់ស្ថាប័នរដ្ឋសភា ដោយសារ ស្ថាប័នកំពូលនេះ ជាតំណាងឱ្យប្រជាពលរដ្ឋកម្ពុជា ដោយលោកឯកអគ្គរដ្ឋទូត បានជម្រាបលោក ហេង សំរិន ថា កម្ពុជា និងសហរដ្ឋអាមេរិក មានចំនុចជាច្រើនក្នុងប្រព័ន្ធដឹកនាំរដ្ឋដូចគ្នា ក្នុងនោះដូចជា ការចែងអំពីលទ្ធិប្រជាធិបតេយ្យនៅក្នុងរដ្ឋធម្មនុញ្ញ ហើយអំណាចដឹកនាំរដ្ឋទាំងបី ចែកដាច់ពីគ្នា ។
លោក ប៉ាទ្រីក មើហ្វី បានលើកឡើងថា កម្ពុជា និងសហរដ្ឋអាមេរិក បានកសាងសមិទ្ធផលជាច្រើន ជាមួយគ្នារួចមកហើយ ដោយលោកបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ ជាខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទំាងពីរ កម្ពុជា-សហរដ្ឋអាមេរិក ដែលជាឱកាសកាន់តែសំខាន់ថែមទៀត ក្នុងការជម្រុញអោយប្រទេសទាំងពីរ មានលទ្ធភាពនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត ។
ក្នុងជំនួបនោះដែរ លោក ហេង សំរិន បានស្វាគមន៍ និងអបអរសាទរចំពោះលោក ប៉ាទ្រីក មើហ្វី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយលោក ហេង សំរិន បានលើកឡើងថា បេសកកម្មការទូតរបស់លោក ប៉ាទ្រីក មើហ្វី ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដល់ការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា-សហរដ្ឋអាមេរិក ឱ្យកាន់តែរឹងមាំ និងរីកចម្រើនខ្លាំងក្លាថែមទៀត។
ប្រធានរដ្ឋសភាកម្ពុជារូបនេះ ក៏បានអបអរសាទរចំពោះវឌ្ឍនភាពទាំងឡាយ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ជាបន្តបន្ទាប់មកនេះ ដែលបាននាំមកនូវផលប្រយោជន៍យ៉ាងធំធេង ដល់ប្រជាជាតិទាំងសងខាង ។
ជាមួយគ្នានេះ ក្នុងនាមរដ្ឋសភាកម្ពុជា លោក ហេង សំរិន បានចូលរួមអបអរសាទរ ចំពោះការផ្លាស់ប្តូរសារលិខិតដ៏មានតម្លៃ និងមានអត្ថន័យដ៏ជ្រាលជ្រៅ រវាងលោកប្រធានាធិបតីអាមេរិក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!