លោក រ៉ុង ឈុន ថា សំណុំរឿងរបស់លោក កឹម សុខា ជាបញ្ហានយោបាយ គួរមានដំណោះស្រាយតាមផ្លួវនយោបាយ
សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ដោយបន្តសួរដេញដោលលើសកម្មភាពរបស់លោក ចាប់ពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១២ ។
នេះជាសប្តាហ៍ទី៤ និងជាសវនាការលើកទី១០ នៃការជំនុំជម្រះលើសំណុំរឿងក្បត់ជាតិរបស់ លោក កឹម សុខា ដែលជាមូលហេតុចម្បង នាំឱ្យមានការរំលាយគណបក្សសង្រ្គោះជាតិ នៅក្នុងប្រទេសកម្ពុជា។ ក្នុងសវនាការនេះ មានវត្តមានជនជាប់ចោទលោក កឹម សុខា មេធាវីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ លោក គី តិច មេធាវីរបស់ជនជាប់ចោទ រួមទាំងតំណាងទូត អង្គការសង្គមស៊ីវិល សមាគម និងអ្នកសារព័ត៌មានផងដែរ ។
តែយ៉ាងណា ប្រធានសហភាពសហជីពកម្ពុជា និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យ លោក រ៉ុង ឈុន មើលឃើញថា ដំណើរសវនាការលើសំណុំរបស់លោក កឹម សុខា មេដឹកនាំអតីតគណបក្សប្រឆាំង នាពេលនេះ ជាបញ្ហានយោបាយ ប៉ុណ្ណោះ មិនគួរចំណាយពេលវេលាច្រើន ពេកនោះឡើយ ដោយលោកជម្រុញអោយមាន នូវដំណោះស្រាយណាមួយសមស្រប តាមផ្លូវនយោបាយ ជំនួសវិញ ទើបជាការប្រសើរ ។ សំឡេង ៖
លោក រ៉ុង ឈុន បន្តថា អ្នកនយោបាយខ្មែរគ្រប់ភាគីទាំងអស់ គួរតែវិលចូលតុចចារ ដោយពិភាក្សាគ្នារិះរកនូវដំណោះស្រាយសន្តិវិធី តម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ មិនគួរទុកអោយពេលវេលាកាន់តែអូសបន្លាយយូរ នាំអោយកម្ពុជាបន្តមានវិបត្តិនយោបាយ បែបបនេះជាទៀតនោះទេ ។ សំឡេង ៖
ដោយឡែកលោកមេធាវី សុក សំអឿន អ្នកជំនាញផ្នែកច្បាប់ បានលើកឡើងថា ជាប្រក្រតីភាពនៃដំណើរការសវនាការរបស់តុលាការ ដែលមិនអាចកំណត់រយៈពេលយូរ ឬឆាប់ បាននោះឡើយ ដោយអាស្រ័យទៅលើភស្តុតាង និងសាក្សី ដែលត្រូវមានការសួរដេញដោលគ្នាទៅវិញទៅមក នៅក្នុងនីតិវិធីរបស់តុលាការ នៃសំណុំរឿងនីមួយៗ ។ សំឡេង ៖
គួរកត់សម្គាល់ដែរថា ក្នុងសវនាការចំនួន ៣សប្តាហ៍កន្លងមកនេះ អង្គជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ដំណាក់កាលចោទសួរដេញដោល ដល់ជនជាប់ចោទទៅភស្តុតាងថ្មីជាវីដេអូរយៈពេល១ម៉ោងដែលដាក់ដោយ លោក កឹម សុខា ហើយបន្តសួរអំពីសកម្មភាពរបស់លោក ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៧ ពោលគឺសកម្មភាព នៃការបង្កើតគណបក្សសិទ្ធិមនុស្ស។
លោក គី តិច មេធាវីរបស់រាជរដ្ឋាភិបាល ដែលជាដើមបណ្ដឹងរដ្ឋប្បវេណី បានលើកឡើងថា វីដេអូរយៈពេលមួយម៉ោងរបស់ លោក កឹម សុខា មិនអាចដោះបន្ទុកឱ្យលោកបានរួចពីការចោទប្រកាន់នោះទេ ផ្ទុយទៅវិញវីដេអូនេះ នឹងបន្ថែមបន្ទុកលើ លោក កឹម សុខា កាន់តែខ្លាំងឡើង។ ជាមួយគ្នានេះ លោកអះអាងថា សកម្មភាពរបស់លោក កឹម សុខា មានភាពស៊ីសង្វាក់គ្នាទៅនឹងវីដេអូសារភាពរបស់លោកដែលបាន និយាយកាលពីឆ្នាំ២០១៣ នៅប្រទេសអូស្ត្រាលី។
សូមជម្រាបជូនថា លោក កឹម សុខា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ក្រោយបែកធ្លាយវីដេអូមួយដែលលោកសារភាពពថា លោកអនុវត្តតាមការណែនាំពីបរទេសដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ ក្រោយមក លោកត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ដោយមិនអនុញ្ញាតឱ្យជួប អតីតថ្នាក់ដឹកនាំ CNRP មិនឱ្យជួបជនបរទេស រួមទាំងមិនអាចចាកចេញពីព្រំដែនផ្លូវដែលតុលាការបានកំណត់។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះឡើងវិញដោយដាក់ លោក កឹម សុខា ឱ្យមានសេរីភាពច្រើនជាងមុន ដោយគ្រាន់តែហាមដូចជា៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!