លោក ចម ប្រសិទ្ធ ថ្លែងថា ការកសាងសមត្ថភាពផែ្នកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាក្តីសង្ឃឹមតែមួយគត់សម្រាប់ប្រទេសក្រីក្រ ដេីម្បីសម្រេចបានរបៀបវីរ:ឆ្នាំ ២០៣០
លោក ចម ប្រសិទ្ធ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំគណ:ប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតអនុតំបន់អាសុីប៉ាស៊ីហ្វិក ស្តីពីបណ្ឌិតសភាជាតិវិស័យវិទ្យាសាស្ត្រ ក្នុងប្រទេសអភិវឌ្ឍន៍តិចតួច ដេីម្បីគាំទ្ររបៀបវារៈឆ្នាំ ២០៣០ ដែលបានប្រារព្វធ្វេីនៅមជ្ឈមណ្ឌលសន្និសីទនៃអង្គការសហប្រជាជាតិ (UNCC )នៅទីក្រុងបាងកក ប្រទេសថៃ ។
កិច្ចប្រជុំនេះ មានការសហការរៀបចំឡេីងរវាងគណ:កម្មការសង្គមសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (UNESCAP) ដែលដឹកនាំដោយលោក kaveh Zahedi លេខាធិការរងនៃអង្គការUNESCAP និងធនាគារបច្ចេកវិទ្យា នៃអង្គការសហប្រជាជាតិសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ដែលដឹកនាំដោយលោក Joshua Stipa ជាអគ្គនាយកនៃអង្គការនេះ ។
កិច្ចប្រជុំពិភក្សានេះ មានគោលបំណងពិភាក្សាលេីចំណុចសំខាន់ៗមួយចំនួន ដូចជា ៖ ១)ការអភិវឌ្ឍដោយនិរន្តភាព ក្នុងតំបន់ និងពិភពលោក ២)ស្ថានភាពអំពីការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់បណ្តាប្រទេសក្នុងតំបន់អាសុីប៉ាសុីហ្វិក ៣)មុខងាររបស់បណ្ឌិតសភាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងតំបន់ ។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានវាយតម្លៃខ្ពស់ចំពោះកិច្ចពិគ្រោះយោបល់នេះ និងបានបញ្ជាក់ថា ប្រជាជនដែលរស់នៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួច នាពេលបច្ចុប្បន្នត្រូវគេប៉ាន់ស្មានថា នឹងកេីនឡេីងទ្វេដង រហូតដល់១.៩ពាន់លាននាក់ នៅឆ្នាំ២០៥០ ជាមួយគ្នានោះ ចំនួនយុវជន ក៏កេីនឡេីងបន្ថែមប្រមាណ ៦៣០ លាននាក់ ដោយនឹងចូលទីផ្សារការងារ ដោយមិនបានបង្កើនសមត្ថភាព ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។
លោក ចម ប្រសិទ្ធ បន្តថា បើគ្មានការកសាងសមត្ថភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឲ្យបានទាន់ពេលវេលានោះទេ គោលដៅនៃការលប់បំបាត់ភាពក្រីក្រដែលកំពុងរីករាលដាល ការបំបាត់ឧបសគ្គរចនាសម្ព័ន្ធអន់ថយ និងការធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងរបៀបវីរ:សម្រាប់ឆ្នាំ ២០៣០ នៅតែជាសុបិន្តដ៏វែងឆ្ងាយសម្រាប់ប្រជាជនក្រីក្ររាប់លាននាក់ ។
លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា ការកសាងសមត្ថភាពផែ្នកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាក្តីសង្ឃឹមតែមួយគត់សម្រាប់ប្រទេសក្រីក្រ ដេីម្បីសម្រេចបានរបៀបវីរ:ឆ្នាំ ២០៣០ ដូច្នេះកិច្ចពិភាក្សាថ្នាក់អនុតំបន់ នាពេលនេះ ជាឱកាសដ៏ធំសម្រាប់ទាំងអស់គ្នា ដេីម្បីផ្លាស់ប្ដូរយោបល់ពីតួនាទីនៃវិស័យវិទ្យាសាស្ត្រក្នុងរបៀបវីរ:អភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក ការផ្លាស់ប្តូរបទពិសោធន៍ថ្នាក់តំបន់ និងជាតិ នៃការចូលរួមរបស់បណ្ឌិតសភាក្នុងរបៀបវីរ:អភិវឌ្ឍន៍ប្រកបដោយចីរភាពជាតិ និងកំណត់ប្រទេសសាកល្បង សម្រាប់គាំទ្រក្នុងការបង្កើតបណ្ឌិតសភាវិទ្យាសាស្ត្រ និងពង្រឹងបណ្ឌិតសភាវិទ្យាសាស្ត្រ ដែលមានស្រាប់ ។
នៅក្នុងឱកាសនោះផងដែរ លោករដ្ឋមន្រ្តី ចម ប្រសិទ្ធ ក៏បានជម្រាបជូនពីវឌ្ឍនភាពរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងការពង្រីកវិសាលភាព និងការទទួលខុសត្រូវរបស់ខ្លួនថែមមួយកម្រិតទៀត ដោយផ្ដោតយកនូវវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយនៅក្នុងចុងសប្តាហ៍នេះ គណ:រដ្ឋមន្ត្រីកម្ពុជា នឹងបេីកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដេីម្បីពិនិត្យ និងសម្រេចការប្តូរឈ្មោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MITIS) ដែលជាពេលវេលាសមស្រប និងសារ:សំខាន់សម្រាប់កម្ពុជាត្រៀមខ្លួនចូលក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!