រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្រើនរំលឹកមន្ត្រីគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលព្រៃឈើ ត្រូវបន្តយកចិត្តទុកដាក់ និងទទួលខុសត្រូវចំពោះការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនអោយមានប្រសិទ្ធភាព
ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ ២០២០ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចូលរួមពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់រដ្ឋបាលព្រៃឈើ ។
លោក វេង សុខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលព្រៃឈើ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវ នាឆ្នាំកន្លងមក ដោយសកម្មភាពនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋបាលព្រៃឈើក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលដោយបានដាក់ចេញនូវបទបញ្ជាសំខាន់៣ គឺ៖ ១- ការគ្រប់គ្រងធនធានព្រៃឈើ ព្រៃបម្រុងទុកសម្រាប់ការប្រើប្រាស់ក្នុងស្រុក រួមចំណែកទប់ទល់នឹងគ្រោះរាំងស្ងួត ទឹកជំនន់ ពិសេសការប្រែប្រួលអាកាសធាតុ ការត្រួតពិនិត្យ និងគ្រប់គ្រងការធ្វើអាជីវកម្មព្រៃឈើ ២-ការពារធនធានធម្មជាតិ ជីវៈចម្រុះ និងប្រភេទឈើជិតផុតពូជ និង៣- លើកកម្ពស់ការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ព្រៃឈើដោយឆន្ទៈម្ចាស់ការ និងតម្លាភាព។
នៅក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក៏បានលើកឡើងអំពីយុទ្ធសាស្រ្ត និងផែនការជាតិនានាដែលគាំទ្រដល់ការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព មានជាអាទិ៍ ៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម (២០១៩ -២០២៣) យុទ្ធសាស្រ្តរេដបូកជាតិ (២០១៧-២០២៥) និងការពិនិត្យឡើងវិញនូវកម្មវិធីព្រៃឈើជាតិ (២០១០ -២០២៩) ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ បានរំលេចអំពីសារ:ប្រយោជន៍នៃធនធានព្រៃឈើ ដែលជាប្រភពធនធានធម្មជាតិដ៏មានតម្លៃ ហើយបាននិងកំពុងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចសហគមន៍ព្រៃឈើ រក្សានិរន្តរភាពបរិស្ថាន អេកូធម្មជាតិ និងទេសចរណ៍ ដែលជាប្រព័ន្ធការពារទីជម្រាល ការពារជីវៈចម្រុះ ផ្តល់ជម្រកនិងអាហារសម្រាប់ជីវិតរស់នៅរបស់មនុស្ស និងសត្វព្រៃគ្រប់ប្រភេទ ដែលទាមទារអោយមានការគ្រប់គ្រងធនធានធម្មជាតិទាំងអស់នេះឱ្យបានគង់វង្ស ចីរភាព និងនិរន្តរភាព និងជាពិសេសការខិតខំប្រឹងប្រែងរួបរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ទន្រ្ទានយកដីកាន់កាប់ខុសច្បាប់ ការធ្វើអាជីវកម្មឈើ និងសត្វព្រៃខុសច្បាប់ ការប្រើប្រាស់សម្បទានដីសេដ្ឋកិច្ចខុសពីគោលការណ៍ ភាពឆកល្វែងនៃការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ។
ក្នុងឆ្នាំ២០២០ នេះ លោករដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ទឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលព្រៃឈើ ត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់លើការបំពេញតួនាទី និងភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ។ លោករដ្ឋមន្ត្រី ក៏បានក្រើនរំលឹករដ្ឋបាលព្រៃឈើ ត្រូវពិនិត្យឡើងវិញលើចំណុចសំខាន់ៗដែលបានផ្តល់ជូនកាលពីឆ្នាំ២០១៩ រួមទាំងអនុសាសន៍មួយចំនួនទៀតសម្រាប់ឆ្នាំនេះ ដើម្បីយកទៅទុកជាមូលដ្ឋានគ្រឹះ ត្រីវិស័យបង្ហាញផ្លូវ និងជាយន្តការ ឬយុទ្ធសាស្រ្តក្នុងការអនុវត្តការងារ និងដោះស្រាយបញ្ហាឱ្យទទួលបានជោគជ័យបន្ថែមទៀតសម្រាប់ឆ្នាំ២០២០ ។
សូមជម្រាបជូនថា បើយោងតាមរបាយការណ៍របស់លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានអោយដឹងថា លទ្ធផលនៃកិច្ចប្រជុំរយ:ពេល ០២ថ្ងៃកន្លងមកនេះ បានរំលេចពីសមិទ្ធផលសំខាន់ៗទាក់ទងនឹងការងារគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ សត្វព្រៃ ជីវចម្រុះ ការងារស្រាវជ្រាវ ការរៀបចំ និងការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ការងារបណ្តុះបណ្តាល ផ្សព្វផ្សាយ ការដាំកូនឈើ ការងារបង្រ្កាប និងទប់ស្កាត់បទល្មើសព្រៃឈើ សត្វព្រៃ ស្ថានភាព និងការអភិវឌ្ឍសហគមន៍ព្រៃឈើ បញ្ហាប្រឈម ទិសដៅ និងផែនការអនុវត្តបន្ត៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!