លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា រោងចក្រមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា នឹងត្រូវបិទទ្វារ ដោយសារវីរុសកូរ៉ូណា មិនមែនដោយសារ EBA ទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា រោងចក្រមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា នឹងត្រូវបិទទ្វារ ដោយសារវីរុសកូរ៉ូណា មិនមែនដោយសារ EBA ទេ ។
ថ្លែងនៅក្នុងពីធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ ២២ នៅព្រឹកថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រោងចក្រនៅកម្ពុជាមួយចំនួន នឹងត្រូវបិទទ្វារបណ្ដោះអាសន្ននៅខែមីនា ខាងមុខ ដោយសារប្រទេសចិនផ្អាកការផ្គត់ផ្គង់វត្ថុធាតុដើម ខណៈប្រទេសមួយនេះ មានករណីផ្ទុះជំងឺរលាកដង្ហើមប្រភេទថ្មី វីរុសកូរ៉ូណា ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា រោងចក្របិទទ្វារទាំងនេះ មិនមែនមកពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ (EBA) នោះទេ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ចិន គឺជាប្រទេសផ្គត់ផ្គង់ដ៏ធំ ទៅកាន់ទីផ្សារពិភពលោក ដូច្នេះកម្ពុជា ក៏ត្រូវរងផលប៉ះពាល់ ផងដែរ ជាពិសេសលើវិស័យវាយណភណ្ឌកាត់ដេរសម្លៀកបំពាក់
ជាមួយគ្នានេះ ក្រៅពីរោងចក្រជួបបញ្ហាប្រឈម ក៏មានសណ្ឋាគារ និងភោជនីយដ្ឋាន ដែលនឹងបាត់បង់ភ្ញៀវទេសចរ ផងដែរ ដោយសារតែបញ្ហាផ្ទុះវីរុសកូរ៉ូណា ។
តែយ៉ាងណាក្ដី នាយករដ្ឋមន្ត្រីកម្ពុជារូបនេះ អះអាងដែរថា បើទោះបីជា បាត់បង់ប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់មុខ លើកលែងតែអាវុធ EBA ក៏សេដ្ឋកិច្ចកម្ពុជា មិនស្លាប់ដែរ តែបើសហភាពអឺរ៉ុបសម្រេចបន្តរក្សា EBA កម្ពុជាក៏ថ្លែងអំណរគុណ ផងដែរ ។
ក្នុងឳកាសនោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវដល់កម្មករ-កម្មការិនី កុំអោយមានការតក់ស្លុត ភ័យខ្លាច ចំពោះការសម្រេចលទ្ធផលជាចុងក្រោយរបស់សហភាពអឺរ៉ុប ថាតើត្រូវដក ឬមិនដក EBA នេះ នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២០ ស្អែកនេះ ព្រោះប្រសិទ្ធភាពនៃការសម្រេចរបស់សហភាពអឺរ៉ុប មានរហូតទៅដល់ខែ សីហាឯណោះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!