ក្រសួងមហាផ្ទៃ ប្រកាសបដិសេធព័ត៌មាន លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាខ្វះឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធព័ត៌មាន លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាខ្វះឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយទាមទារឱ្យរាជរដ្ឋាភិបាល និរាករណ៍លើច្បាប់ដែលចូលជាធរមានមួយនេះ។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានច្រានចោលនូវសេចក្តីថ្លែងការណ៍មួយរបស់អង្គការសង្គមស៊ីវិលមួយចំនួន ដោយលោកបានចាត់ទុកថា សេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិលមួយចំនួននោះ គឺធ្វើឡើងក្រោមហេតុផលនយោបាយ ប្រាស់ចាកពីគោលការណ៍ច្បាប់ និងខុសពីការពិតក្នុងការពិភាក្សាគ្នា និងមានចេតនាដាក់សម្ពាធលើរាជរដ្ឋាភិបាល ក្នុងគោលបំណងអាក្រក់ណាមួយ។
គួរកត់សំគាល់ដែរថា កន្លងទៅសមាគម និងអង្គការសង្គមស៊ីវិលប្រមាណ ១០០ នៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាខ្វះឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយទាមទារឱ្យរាជរដ្ឋាភិបាល និរាករណ៍លើច្បាប់នេះ។ សេចក្តីថ្លែងការណ៍របស់សមាគម និងអង្គការសង្គមស៊ីវិលទាំងនោះ បានលើកឡើងថា ច្បាប់នេះមិនមានភាពចាំបាច់ ហើយធ្វើឡើងដើម្បីរឹតត្បិតសេរីភាពក្នុងការជួបជុំរបស់សង្គមស៊ីវិល។
សេចក្តីថ្លែងការណ៍របស់ក្រុមសមាគម និងអង្គការសង្គមស៊ីវិលនេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងមហាផ្ទៃ និងសមាគម អង្គការសង្គមស៊ីវិល បានជួបប្រជុំពិគ្រោះយោបល់លើកទី៤ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីពិភាក្សាទៅលើសំណើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
បើតាម លោក ប៊ុន ហុន ក្នុងកិច្ចពិភាក្សានោះ អង្គការសង្គមស៊ីវិលមានការខ្វែងគំនិតគ្នានៅក្នុងផ្ទៃក្នុងរបស់គាត់ ដោយបានពិភាក្សាអំពីវិសោធនកម្មបន្ថែមពីលើកមុន បានត្រឹមតែ៣មាត្រាទៀតប៉ុណ្ណោះ ព្រោះថា ពួកគាត់នៅមិនទាន់យល់ពីខ្លឹមសារនៃមាត្រាដែលពួកគាត់ចង់ធ្វើវិសោធនកម្ម ឬទាមទារឱ្យលុបចោលនោះទេ។ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ធ្វើឡើងដោយផ្អែកតាមរដ្ឋធម្មនុញ្ញ មិនអាចធ្វើនិរាករណ៍ដោយបំពានលើរដ្ឋធម្មនុញ្ញទេ។
ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជា គ្មានសិទ្ធិនឹងការសម្រេចធ្វើនិរាករណ៍ច្បាប់នេះដោយឯកឯងទេ ដោយសារតែជាការបំពានលើរដ្ឋធម្មនុញ្ញ និងអំណាចនិតិប្បញ្ញត្តិ ។ ទោះជាយ៉ាងនេះក្តី ក្រុមការងាររាជរដ្ឋាភិបាល នៅតែបន្តសហការជាមួយអង្គការសង្គមស៊ីវិល ព្រោះរាជរដ្ឋាភិបាលតែងតែចាត់ទុកថា អង្គការសង្គមស៊ីវិលជាដៃគូល្អសម្រាប់ការចូលរួមអភិវឌ្ឍសង្គម៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!