អគ្គនាយកគយ ថ្លែងថា សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជាកម្លាំងចលករដ៏ខ្លាំងមួយ ក្នុងការជំរុញកំណើន និងបង្កើតការងារ
នៅសណ្ឋាគារអាស៊ាន LBN ខេត្តកំពង់ចាម លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប ផងដែរ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការលើកទឹកចិត្តផ្នែកគយ និងពន្ធដារ សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម។
ថ្លែងក្នុងពិធីនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា វគ្គសិក្ខាសាលាដែលបានរៀបចំនេះ គឺក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងធុនមធ្យម ដើម្បីបង្កើតការងារ បង្កើនសមត្ថភាព និងលទ្ធផលប្រកួតប្រជែងរបស់ផលិតកម្មក្នុងស្រុក ក៏ដូចជាការលើកទឹកចិត្តផ្នែកគយ និងពន្ធដារ សម្រាប់សហគ្រាសធុនតូច និងធុនមធ្យម (SMEs) ឆ្នាំ២០២០។
ជាមួយគ្នានោះ លោក គុណ ញឹម លើកឡើងថា សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជាកម្លាំងចលករដ៏ខ្លាំងមួយ ក្នុងការជំរុញកំណើន និងបង្កើតការងារ ដោយនៅក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីគាំទ្រវិស័យសហគ្រាសធុនតូច និងមធ្យម ដូចមានចែងក្នុងឯកសារគោលនយោបាយ និងឯកសារយុទ្ធសាស្រ្ត រួមមាន៖ ១).គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឧស្សាហកម្ម ឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥។ ២).យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ និង៣). យុទ្ធសាស្ត្រគៀងគររកចំណូលឆ្នាំ២០១៩ ឆ្នាំ ដល់ឆ្នាំ២០២៣ ។
លោក គុណ ញឹម បញ្ជាក់ថា ការកំណត់គោលដៅជាយុទ្ធសាស្ត្រ ក្នុងការពង្រឹង និងធ្វើទំនើបកម្មសហគ្រាសធុនតូច និងមធ្យម ដែលផ្ដោតលើការរៀបចំយន្តការលើកទឹកចិត្ត និងជំរុញដល់ការអភិវឌ្ឍលើវិស័យសហគ្រាសធុនតូច និងមធ្យម ព្រោះវាជាសំខាន់ណាស់ដែលត្រូវបានចាត់ទុក ជាឆ្អឹងសេដ្ឋកិច្ច និងជាកម្លាំងចលករដ៏ខ្លាំងក្លាមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនប្រជាពលរដ្ឋ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!