ក្រសួងមហាផ្ទៃ បន្តកិច្ចសហប្រតិបត្តិការជាមួយ UNHCR លើការងារជួយគាំទ្រកិច្ចការជនភៀសខ្លួននៅកម្ពុជា
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងនូវការអបអរសាទរ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប្រចាំកម្ពុជា (UNHCR) ជាពិសេស លើការងារជួយគាំទ្រកិច្ចការជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោន។
លើកឡើងក្នុងឱកាសអនុញ្ញាតឱ្យអ្នកតំណាងទើបតែងតាំងថ្មី នៃអង្គការ UNHCR ប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា កម្ពុជា ជាប្រទេសហត្ថាលេខីនៃអនុសញ្ញាស្តីពី ជនភៀសខ្លួន ឆ្នាំ១៩៥១ ហើយកម្ពុជាមានភារកិច្ច ទទួល និងពិនិត្យរាល់សំណើជនទាំងឡាយណាដែលគេចចេញពីការធ្វើទុក្ខបុកម្នេញលើសិទ្ធិសេរីភាព ក្រោមហេតុផលនយោបាយ ឬក៏ជនដែលរត់គេចពីសង្រ្គាម និងដែលស្ថិតក្រោយអនុសញ្ញាស្តីពីជនភៀសខ្លួននេះ ។
ក្នុងឱកាសនោះដែរ លោក Gluseppe de Vincentiis អ្នកតំណាងទើបតែងតាំងថ្មី បានថ្លែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាល កម្ពុជា ដែលជារដ្ឋហត្ថលេខីនៃអនុសញ្ញាស្តីពីជនភៀសខ្លួន ដោយក្នុងតំបន់អាស៊ានមិនមានប្រទេសច្រើនចូលរួមក្នុងអនុសញ្ញានេះទេ ដោយលោក បានបង្ហាញនូវការបេ្តជ្ញាចិត្តបន្តជួយគាំទ្រ ក៏ដូចជាចែករំលែកនូវបទពិសោធន៍ជាមួយក្រសួងមហាផ្ទៃ ព្រមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ លើការងារជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោន ផងដែរ។
លោក Gluseppe de Vincentiis ក៏បានសម្តែងនូវការសាទរចំពោះវឌ្ឍនភាពរបស់កម្ពុជា ក្នុងការៀបចំប្រព័ន្ធអត្រានុកូលដ្ឋាន ដែលជាកិច្ចការមួយដ៏មានសារៈសំខាន់ និងជាការរួមចំណែកក្នុងការគ្រប់គ្រង ក៏ដូចជាចុះបញ្ជីចំនួនជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោនប្រកបដោយប្រសិទ្ធភាព ដោយលោកនឹងជួយគាំទ្រដល់ក្រសួងមហាផ្ទៃ ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ទាក់ទងទៅនឹងការងារជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោននេះឱ្យស្របទៅតាមស្តង់ដារអន្តរជាតិ ។
ជាចុងក្រោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងតំបន់អាស៊ាន មានតែកម្ពុជា និងប្រទេសហ្វីលីពិន ប៉ុណ្ណោះ ដែលជាប្រទេសហត្ថលេខីនៃអនុសញ្ញា ស្តីពីជនភៀសខ្លួន ឆ្នាំ១៩៥១ ដោយលោក គាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោក Gluseppe de Vincentiis ក្នុងការជួយគាំទ្រមកលើការបណ្តុះបណ្តាលសមត្ថភាព ដល់មន្ត្រីដែលធ្វើការងារនេះ ឱ្យបំពេញការងារមានវិជ្ជាជីវៈច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាព៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!