ក្រសួងទេសចរណ៍ បើកសិក្ខាសាលាស្តីពី " បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍" នៅខេត្តកំពង់ស្ពឺ
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ សិក្ខាសាលា និងពិធីចែកពាន " បរិស្ថានគ្មានផ្សែងបារីក្នុង វិស័យទេសចរណ៍ " ក្រោមវត្តមានលោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ។
លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា សិក្ខាសាលាស្តីពី បរិស្ថានគ្មានផ្សែងបារីនេះ បានរៀបចំជាច្រើនលើកមកហើយ ក្នុងទឹកដីខេត្តកំពង់ស្ពឺ តែអ្វីដែលគួរឲ្យកត់សម្គាល់ គឺកម្មវិធីនៅថ្ងៃនេះ មានពិធីចែកពាន បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ជូនដល់សណ្ឋាគារ និងភោជនីយដ្ឋាន ដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ នាពេលកន្លងមក ។
លោក ហោ សារុន បានបន្តថា ក្រុមការងារបរិស្ថានគ្មានផ្សែងបារី បានចុះត្រួតពិនិត្យ និងវាយតម្លៃ នៅតាមសណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួន ដែលមានមូលដ្ឋាននៅក្នុងខេត្តកំពង់ស្ពឺនេះ ហើយជាលទ្ធផលរកឃើញសណ្ឋាគារ និងផ្ទះសំណាក់ ចំនួន ១០កន្លែង និងភោជនីយដ្ឋាន ១០កន្លែង ដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ ។
ក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការរូបនេះ ក៏បានលើកឡើងថា វិធានការចម្បង ២ ដែលក្រុមការងារបរិស្ថានគ្មានផ្សែងបារី ប្រកាន់យកគឺ ៖
* វិធានការទី ១ ៖ គឺវិធានការអប់រំ ដោយបានរៀបចំជាសិក្ខាសាលា បណ្តុះបណ្តាល ប្រជុំ ផ្សព្វផ្សាយ ប៉ាណូ និងរៀបចំបោះសំភារៈផ្សព្វផ្សាយ និងណែនាំឲ្យម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ យកចិត្តទុកដាក់ គោរពអនុវត្តតាមច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលបានដាក់ឲ្យប្រើប្រាស់ តាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥។
* វិធានការទី២៖ ដែលនឹងត្រូវអនុវត្ត បន្តជាវិធានការរដ្ឋបាល ដោយផាកពិន័យចំពោះបុគ្គល អ្នកជក់នៅទីកន្លែងហាមឃាត់ ម្ចាស់អាជីវកម្មដែលអនុញ្ញាតឲ្យគេជក់ នៅទីតាំងរបស់ខ្លួន ការតាំងលក់ផលិតផលថ្នាំជក់ ខុសពីការកំណត់ និងផាកពិន័យរហូតដល់ក្រុមហ៊ុនបារី ដែលនាំនិងលក់ផលិតផលថ្នាំជក់ គ្មានសារព្រមានជារូបភាព ផ្សាយពាណិជ្ជកម្មបារីខុសច្បាប់ ជាដើម ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!