ស្ត្រី នៃអង្គការមិនមែនរដ្ឋាភិបាល សម្ដែងការសាទរចំពោះការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបញ្ជាអោយបិទរាល់គណនី ហ្វេសប៊ុក ទាំងឡាយ ដែលផ្សព្វផ្សាយលក់ផលិតផល ដោយបង្ហាញកេរិ៍ខ្មាស់ស្រ្តី
ស្ត្រី នៃអង្គការមិនមែនរដ្ឋាភិបាល សម្ដែងការសាទរចំពោះការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបញ្ជាអោយបិទរាល់គណនី ហ្វេសប៊ុក ទាំងឡាយ ដែលផ្សព្វផ្សាយលក់ផលិតផល ដោយបង្ហាញកេរិ៍ខ្មាស់ស្រ្តី ដោយលោកនាយករដ្ឋមន្ត្រី អះអាង ការផ្សាយលក់ផលិតផល ដោយបង្ហាញកេរ្តិ៍ខ្មាសរបស់ស្រ្តីខ្មែរ ជាការប៉ះពាល់ដល់តម្លៃសីលធម៌ និងកិត្តិយសស្ត្រីខ្មែរ ហើយអាចបង្កជាបទល្មើស ដូចជាការចាប់រំលោភ និងបៀតបៀនផ្លូវភេទផ្លូវស្ត្រី ។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ ២០១៩ និងលើកទិសដៅកាងារ ឆ្នាំ ២០២០ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី នាថ្ងៃទី ១៧ ខែ កុម្ភៈ ម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាអោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាត់វិធានការបិទគណនី Facebook ទាំងឡាយ ដែលផ្សាយលក់ផលិតផល ដោយបានបង្ហាញកេរ្តិ៍ខ្មាសរបស់ស្ត្រី ។
លោកនាយករដ្ឋមន្ត្រី បានចាត់ទុកថា ការផ្សាយលក់ផលិតផល ដោយបង្ហាញកេរ្តិ៍ខ្មាសរបស់ស្រ្តីខ្មែរ ជាការប៉ះពាល់ដល់តម្លៃសីលធម៌ និងកិត្តិយសស្ត្រីខ្មែរ ហើយអាចបង្កជាបទល្មើស ដូចជាការចាប់រំលោភ និងបៀតបៀនផ្លូវភេទផ្លូវស្ត្រី ជាដើម ។
ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអនុប្រធានកិត្តិយសរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ផងដែរនោះ បានបញ្ជាទៅក្រសួងមហាផ្ទៃឱ្យពិនិត្យ និងចាត់វិធានការបន្ទាន់ ទៅលើវីដេអូអាសអាភាសរបស់ស្ត្រីខ្មែរ ដែលបានបែកធ្លាយនៅតាមបណ្តាញសង្គម និងគេហទំព័រនានា ផងដែរ ។
សកម្មជនប្រឆាំងការជួញដូរផ្លូវភេទនៅកម្ពុជា លោកស្រី ម៉ម សុម៉ាលី និងជាប្រធានអង្គការ អាហ្វីស៊ីប បានសម្ដែងការសាទរចំពោះការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល បែបនេះ ដោយលោកស្រី លើកឡើងថា កុមារីភាគច្រើន ដែលរងការរំលោភបំពានផ្លូវភេទ គឺបានបណ្ដាលមកពីក្រុមអ្នកញៀនថ្នាំ និងអ្នកផឹកស្រាស្រវឹង ដោយនៅពេលបានឃើញរូបភាពអាសអាភាសផ្សេងៗ ក៏កើតមានអារម្មណ៍ស្រើបស្រាល រហូតដល់ហ៊ានចាប់រំលោភក្មេងស្រី ដែលជាកូនចៅ បងប្អូន ឬជាសាច់ញាតិរបស់ខ្លួន ។ សំឡេង៖
លោកស្រី ម៉ម សុម៉ាលី បន្ថែមថា សកម្មភាពផ្សព្វផ្សាយលក់ផលិតផល ដោយការបញ្ចេញភាពស៊ិចស៊ី ឬរូបភាពអាសអាភាស នៅលើបណ្ដាញសង្គម នាពេលសព្វថ្ងៃនេះ បានធ្វើអោយប៉ះពាល់ដល់ តម្លៃស្ត្រីខ្មែរ និងសីលធម៌សង្គម យ៉ាងខ្លាំង ដោយលោកស្រី ស្នើអោយរាជរដ្ឋាភិបាល ជាពិសេសក្រសួងមានសមត្ថកិច្ច ត្រូវហៅបុគ្គលដែលឡាយបញ្ចេញភាពស៊ិចស៊ី ឬរូបភាពអាសអាភស របស់ខ្លួន មកធ្វើការណែនាំអប់រំ ក្នុងករណីមិនរៀងចារ គួរមានការចាត់វិធានការតាមផ្លូវច្បាប់ ជាធរមាន ផងដែរ ។ សំឡេង៖
ស្រដៀងគ្នានេះដែរ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី បានចូលរួមសាទរ និងគាំទ្រចំពោះវិធានការរបស់រដ្ឋាភិបាល ផងដែរ ដោយលលោកស្រី អ៊ុក ឆាយ៉ាវី គូសបញ្ជាក់ថា ហាក់បិទសិទ្ធិសេរីភាពរបស់អ្នកទាំងនោះ ប៉ុន្តែសកម្មភាពនៃការផ្សព្វផ្សាយលក់ផលិតផល ដោយមានបញ្ចេញភាពស៊ិចស៊ី ភាពស្រើបស្រាល ជាសាធារណៈ បែបបនេះ បានធ្វើអោយប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី របស់ខ្មែរដ៏ល្អផូរផង់ ជាមួយគ្នានោះ នាំបាត់បង់នូវសីលធម៌សង្គម ក៏ដូចជា តម្លៃរបស់ស្ត្រី និងគ្រួសារខ្មែរ ដែលអាចជាហេតុនាំអោយយុវនារីជំនាន់ក្រោយ ចេះតែភ្លើតភ្លើន និងយកគំរូតាមក្រុមបុគ្គលទាំងនោះ ទៀតផង ។ សំឡេង៖
ដោយឡែក លោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលការ បានថ្លែងថា រាជរដ្ឋាភិបាល គួរតែមានការបង្កើតច្បាប់ ពាក់ព័ន្ធនឹងការហាមឃាត់ អំពីការផ្សព្វផ្សាយទាំងឡាយណា ដែលបានបញ្ចេញភាពស៊ិចស៊ី ឬកេរិ៍ខ្មាស់ ជាសាធារណៈ ដើម្បីជាយន្តការប្រកបដោយភាពច្បាស់លាស់ និងតម្លាភាព ក្នុងការធានាដោះស្រាយបញ្ហានេះ អោយមាននូវប្រសិទ្ធភាព ។ សំឡេង៖
គួរកត់សម្គាល់ដែរថា បច្ចុប្បន្ន ការលក់ផលិតផលតាមប្រព័ន្ធអនឡាញ ជាពិសេសតាមបណ្ដាញសង្គមហ្វេសប៊ុក កំពុងក្លាយ ជាមុខរបបយ៉ាងកាក់កប នៅក្នុងប្រទេសកម្ពុជា ។ តែយ៉ាងណា មានអ្នកលក់មួយចំនួន ជាពិសេសអ្នកលក់ផលិតផលថែរក្សាសម្រស់ សម្លៀកបំពាក់ ជាដើម ដើម្បីទាក់ទាញការចាប់អារម្មណ៍ ពីអតិថិជន ដោយហ៊ានបញ្ចេញសាច់ ឬកេរិ៍ខ្មាស់របស់ស្រ្តី តាមរយៈការផ្សព្វផ្សាយ ជាសាធារណៈ ទៀតផង ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!