នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា អ្នកដំណើរជាង ២០០០ នាក់របស់នាវា Westerdam បើសាម៉ីប្រទេសគេមិនទទួល គឺកម្ពុជា នឹងមើលថែពួកគេ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ចំពោះនាវាទេសចរណ៍ ដែលមានអ្នកធ្វើដំណើរជាង ២០០០នាក់របស់ Westerdam ដែលបានមកដល់ទីសុវត្ថិភាពក្នុងទឹកដីកម្ពុជាហើយ បើសាម៉ីប្រទេសគេមិនទទួលទេ គឺកម្ពុជានឹងបន្តមើលថែពួកគេ។
ថ្លែងនៅក្នុងពិធីបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» នៅវិមានសន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ជំងឺ COVID-19 ដែលកំពុងញាំញី និងអង្រួនសភាពការណ៍នៅក្នុងប្រទេសក្នុងតំបន់ និងពិភពលោកឲ្យមានការភ័យតក់ស្លុត រហូតបាត់អស់នូវគុណធម៌ សីលធម៌ មនុស្សធម៌ និងមិត្តភាពល្អជាមួយគ្នា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជំងឺពិតប្រាកដដែលកំពុងប្រឈមមុខជាក់ស្តែង នាពេលនេះ គឺជាជំងឺភ័យខ្លាចជ្រុល និងអំពើរើសអើងជាតិសាសន៍ជ្រុល រហូតដល់បោះបង់ពលរដ្ឋខ្លួនឯងចោល។ ជាក់ស្តែងដូចជាករណីនាវាទេសចរណ៍ MS Westerdam ដែលមានអ្នកធ្វើដំណើរចម្រុះជាតិសាសន៍ជាង២២០០ នាក់ ដែលបានបដិសេធ ដោយប្រទេស និងកោះចំនួន៦ មិនឲ្យចុះចត ដែលនៅក្នុងនាវាដ៏ធំនេះ ក៏មានពលរដ្ឋអាមេរិកជាង៦០០នាក់ផងដែរ ដែលបានសុំចុះចតនៅកោះ Guam ដែលជាទឹកដីកោះមួយផ្នែករបស់សហរដ្ធអាមេរិក ក៏មិនត្រូវបានអនុញ្ញាត្តឲ្យចុះចតដែរ។ លោកនាយករដ្ឋមន្ត្រី ចោទសួរថា តើយ៉ាងម៉េចបានជាសាម៉ីប្រទេស និងសាម៉ីកោះទាំងនោះសម្រេចបែបនេះទៅរួច? ពិភពលោកអាចនឹងបែកបាក់ ហើយតម្លៃមនុស្សនៅត្រង់ណា បើសិទ្ឋិរស់រានមានជីវិតគ្មានផងនោះ?
ដោយឡែកទាក់ទិននឹងការសម្រេចចិត្ត របស់កម្ពុជា ក្នុងការទទួលនាវាទេសចរណ៍ MS Westerdam ឲ្យចូលចតនៅក្រុងព្រះសីហនុ ក្នុងទឹកដីកម្ពុជា គឺជាកាយវិការមនុស្សធម៌ ដោយគ្មានការរើសអើងជាតិសាសន៍ ក្នុងការលើកស្ទួយ ការគោរពសិទ្ធិមនុស្សតាមរយៈការជួយផ្តល់ នូវសិទ្ឋិរស់រានមានជីវិតដល់មនុស្សជាតិ ដែលជាប់គាំងនៅក្នុងនាវាទាំងអស់។
ការសម្រេចចិត្តត្រឹមត្រូវរបស់កម្ពុជា គឺមនុស្សភាគច្រើននៅទូទាំងពិភពលោក បានគាំទ្រនូវកាយវិកាមនុស្សធម៌របស់កម្ពុជា ហើយក្នុងនោះក៏មានការគាំទ្រពី អង្គការសុខភាពពិភពលោក (អង្គការទេសចរណ៍ពិភពលោក អង្គការឆ្នេរស្អាតបំផុតពិភពលោក និង ពីលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ផងដែរ។
ទាក់ទិននឹងអ្នកទេសចរណ៍ដែលកំពុងមានវត្តមាននៅកម្ពុជា លោកនាយករដ្ឋមន្រ្តី អះអាងថា សម្រាប់អ្នកទេសចរចម្រុះជាតិសាសន៍ ៥០០ នាក់ក្រោយពីបានត្រួតពិនិត្យសុខភាព ថា គ្មានសញ្ញាវិជ្ជមាននៃមេរោគកូវីដ១៩ទេ (កូរ៉ូណា) គឺត្រូវបានផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ន នៅសណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ។ ច្បាស់ណាស់ បើសាម៉ីប្រទេសគេមិនគិតដល់ពលរដ្ឋគេទេ គឺកម្ពុជានឹងទទួលខុសត្រូវ ព្រោះពេលនេះបានមកទីសុវត្ថិភាពក្នុងប្រទេសកម្ពុជា។
កម្ពុជាទទួលខុសត្រូវលើកិច្ចការ ដែលខ្លួនកំពុងធ្វើឲ្យបានហ្មត់ចត់ និងល្អបំផុត ហើយបន្តសហការជាមួយអង្គការដៃគូនានា និងសហគមន៍អន្តរជាតិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកលនេះ។ ទន្ទឹមនឹងនេះដែរ គឺដើម្បីលុបបំបាត់ជំងឺភ័យខ្លាចជ្រុល និងជំងឺរើសអើងជ្រុល ដើម្បីលើកស្ទួយតម្លៃសីលធម៌ គុណធម៌ឡើងវិញ និងដើម្បីសិទ្ឋិរស់រានមានជីវិត និងសេចក្តីសុខរបស់មនុស្សជាតិទូទាំងពិភពលោក ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!