ក្រសួងអភិវឌ្ឍន៍ជនបទ នឹងកែប្រែអនុក្រឹត្យមួយចំនួន ដើម្បីអាចអនុវត្តន៍វិធានការទប់ស្កាត់ ទៅលើយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដែលបើកបរតាមផ្លូវនៅជនបទ
ក្រសួងអភិវឌ្ឍន៍ជនបទ និងសហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកែប្រែអនុក្រឹត្យមួយចំនួន ដើម្បីអាចអនុវត្តន៍វិធានការទប់ស្កាត់ ទៅលើយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដែលបើកបរតាមផ្លូវនៅជនបទ។
លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទ នឹងរៀបចំធ្វើវិសោធនកម្ម អនុក្រឹត្យលេខ៥១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងអនុក្រឹត្យលេខ១៤១ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដោយហេតុថា សព្វថ្ងៃនេះ ក្នុងអនុក្រឹត្យនេះ អត់មានសមត្ថកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមក្នុងការអនុវត្តវិធានការទប់ស្កាត់ រថយន្តដែលដឹកជញ្ជូន លើសកម្រិតទម្ងន់កំណត់ នៅតាមផ្លូវជនបទទេ ។
លោកបន្តថា កម្ពុជាសព្វថ្ងៃ ពិនិត្យឃើញថា នៅតាមផ្លូវជាតិ ផ្លូវខេត្តមួយចំនួន មានដាក់ជញ្ជីងថ្លឹង ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសកម្រិតកំណត់ ប៉ុន្តែ គេសង្កេតឃើញថា អ្នករកស៊ីលើការដឹកជញ្ជូន បានដឹកសំពីងសំពោងចូលតាមផ្លូវជនបទ វិញ ដែលជាហេតុនាំអោយឲ្យផ្លូវជនបទមានការខូចខាត។
លោក ចាន់ ដារ៉ុង ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមចំណែកថែរក្សា និងប្រើប្រាស់ ឲ្យបានសមស្របនូវសមិទ្ធិផលទាំងឡាយ ដែលបានផ្តល់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជា ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា មានដូចជា អណ្តូងទឹក ស្រះទឹកឲ្យបានល្អ ដើម្បីបានប្រើប្រាស់យូរអង្វែង និងសូមឲ្យចាត់ទុកសមិទ្ធិផលទាំងនោះ ជាសមិទ្ធិផលរបស់ខ្លួន ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!