អ្នកនាំពាក្យក្រសួងការងារ ៖ ទោះគ្មាន EBA ក៏កម្ពុជានៅតែលើកកម្ពស់លក្ខខណ្ឌការងារកម្មកររបស់ខ្លួនជាអាទិភាពជានិច្ច
អ្នកនាំពាក្យក្រសួងការងារ ៖ ទោះគ្មាន EBA ក៏កម្ពុជានៅតែលើកកម្ពស់លក្ខខណ្ឌការងារកម្មកររបស់ខ្លួនជាអាទិភាពជានិច្ច ។
ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើផែនការរួមរបស់គម្រោងរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា (BFC) ដែលបានរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសង្កត់ធ្ងន់ថា ទោះបីមាន ឬគ្មាន EBA ពីសហភាពអឺរ៉ុប ក៏កម្ពុជាបានតាំងចិត្តរួចហើយថា ការលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពសិទ្ធិសេរីភាពរបស់កម្មករនិយោជិត ជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច រយៈពេល២០ឆ្នាំមកនេះ កម្ពុជាមិនដែលងាកចេញពីគោលនយោបាយនេះនោះទេ។
ជាមួយនឹង ការរិះគន់ចំពោះការសម្រេចដកផ្នែកខ្លះនៃ EBA ដែលសហភាពអឺរ៉ុបទើបតែធ្វើដាក់កម្ពុជានាពេលថ្មីៗមកនោះ លោក ហេង សួរ បានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសដែលអាក្រក់ដូចដែលគេបានចោទនោះទេ កម្ពុជាតែងតែប្រៀបធៀបខ្លួនឯងជាមួយប្រទេសដទៃផ្សេងទៀត ហើយមានអង្គការអន្តរជាតិខាងការងារ (ILO) គម្រោង BFC និងម្ចាស់ពាណិជ្ជសញ្ញា (Brand) ទាំងអស់ជាសាក្សីថា កម្ពុជាអនុវត្តបានល្អយ៉ាងណាខ្លះក្នុងរយៈពេល២០ឆ្នាំមកនេះ ពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ និងសេរីភាពរបស់អង្គការវិជ្ជាជីវៈ។
មន្ត្រីជាន់ខ្ពស់ក្រសួងការងាររូបនេះ លើកឡើងថា នៅពេលអឺរ៉ុបសម្រេចដកផ្នែកខ្លះនៃ EBA វាមិនមែនដោយសារកម្ពុជាមិនបានផ្ដល់លក្ខខណ្ឌដល់ការងារកម្មករនិយោជិត ឬ សិទ្ធិសេរីភាពទៅឱ្យអង្គការវិជ្ជាជីវៈនោះទេ ប៉ុន្តែវាដោយសារបញ្ហានយោបាយ ដែលប្រទេសមួយចំនួនតម្រូវកម្ពុជាធ្វើតាមគោលនយោបាយការបរទេសរបស់ពួកគេ ដែលជាការអនុវត្តស្ដង់ដាពីរ ដោយពួកគេមិនគួរភ្ជាប់លក្ខខណ្ឌការងារទៅនឹងនយោបាយនោះឡើយ។
លោកបន្តថា «ជនជាតិកម្ពុជាទាមទារយុត្តិធម៌ កម្ពុជាមិនចង់បានលើសគេទេ ប៉ុន្តែសុំឱ្យមានសមភាពក្នុងការសម្រេចចិត្ត ហើយសូមឱ្យមានសុភវិនិច្ឆ័យនូវអ្វីដែលជាការខិតខំរបស់កម្ពុជា»។
សូមជម្រាបជូនថា បើតាមលោក ហេង សួរ បានបញ្ជាក់ថា រយៈពេល២០ឆ្នាំមកនេះ កម្ពុជាមិនបានងាកចេញពីគោលនយោបាយនេះទេ សូម្បីតែផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ ២០១៩-២០២៣ ក៏កម្ពុជានៅតែបញ្ជាក់យ៉ាងច្បាស់ពីភាពចាំបាច់នៃការធានាលក្ខខណ្ឌការងារ សេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា ដើម្បីធានាថាផលិតផលដែលផលិតបាននៅកម្ពុជា គឺជាផលិតផលដែលមានភាពស្អាតស្អំ និងគោរពតាមស្ដង់ដាអន្តរជាតិ ហើយអនុសញ្ញាអន្តរជាតិនានាដែលកម្ពុជាបានផ្ដល់សច្ចាប័ន កម្ពុជានៅតែបន្តពិនិត្យ និងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ ILO បើទោះបីគេមិនជឿលើកម្ពុជា ក៏គេជឿលើអ្វីដែលជាយន្តការរបស់អង្គការ ILO ដែលកំពុងតែអនុវត្តនៅកម្ពុជានេះស្រាប់៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!