អ្នកជំនាញកសិកម្ម ជម្រុញអោយរដ្ឋាភិបាលអនុវត្តន៍វិធានការ ៥ ចំណុច ក្នុងជួយគាំទ្រដល់កសិករកម្ពុជា បង្កើនការដាំដុះបន្លែ និងចិញ្ចឹមសត្វ ដែលគ្មានជាតិគីមី
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជម្រុញអោយកសិករកម្ពុជា បង្កើនការដាំដុះបន្លែ និងចិញ្ចឹមសត្វ ដែលគ្មានជាតិគីមី ដើម្បីកាត់បន្ថយការនាំចូលផលិតផលកសិកម្ម ពីបរទេស ខណៈអ្នកជំនាញកសិកម្ម ផ្ដល់អនុសាសន៍ចំនួន ៥ ចំណុច បន្ថែម ដើម្បីជម្រុញការអនុវត្តអោយកាន់តែមានប្រសិទ្ធភាព និងជោគជ័យ ។
ថ្លែងនៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នៅវិទ្យាស្ថានជាតិអប់រំ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញដល់កសិករកម្ពុជា បង្កើនការផលិតបន្លែគ្មានជាតិគីមី ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដោយកាត់បន្ថយការនាំចូលបន្លែគីមីពីបរទេស និងដើម្បីបម្រើដល់ភ្ញៀវទេសចរដែលមកស្នាក់នៅ និងកម្សាន្តនៅកម្ពុជា ផងដែរ ។
ពាក់ព័ន្ធវិស័យកសិកម្មបម្រើដល់វិស័យទេសចរណ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង ថា កម្ពុជាទទួលបានតែសំបកទេសចរណ៍ ដោយសារតែផលិតផលដែលសម្រាប់ផ្គត់ផ្គង់ជូនភ្ញៀវទេសចរ កម្ពុជាត្រូវនាំចូលពីបរទេស ដូច្នេះធ្វើឲ្យកម្ពុជាខាតបង់តម្លៃយ៉ាងច្រើន ។
ក្នុងការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល បែបនេះ លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា បង្ហាញនូវការគាំទ្រ ក៍ប៉ុន្តែលោក ថេង សាវឿន ថា គ្រាន់តែប្រសាសន៍ ឬអនុសាសន៍ណែនាំមិនអាចកាត់បន្ថយការប្រើប្រាស់ និងកាត់បន្ថយការប្រើប្រាស់ថ្នាំ ឬសារធាតុគីមីលើបន្លែ និងផលិតផលកសិកម្មរបស់ប្រទេសកម្ពុជា បាននោះទេ ។
លោក ថេង សាវឿន បានជម្រុញអោយ រដ្ឋាភិបាលត្រូវមានវិធានការជាក់លាក់មួយ ហើយជាលក្ខណ:ប្រពន្ធ័ផងដែរ ដោយរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តសមស្របដែលមានការចូលរួមពីប្រជាពលរដ្ឋក្នុងការផ្ដល់ធាតុចូល និងការព្រមព្រៀងទាំងអស់គ្នាក្នុងការអនុវត្តនៃកាត់បន្ថយការប្រើប្រាស់កសិផលពីក្រៅប្រទេស និងកាប្រើប្រាស់សារធាតុគីមីលើបន្លែ ដោយលោក ថេង សាវឿន បានផ្ដល់អនុសាសន៍ចំនួន ៥ ចំណុច ដូចខាងក្រោម ៖
១ ). រដ្ឋាភិបាលត្រូវតែធ្វើការរៀបចំផ្សព្វផ្សាយអំពីគុណវិបត្តិ និងផលប៉ះពាល់ការប្រើប្រាស់ថ្នាំ ឬសារធាតុគីមីទៅដល់ប្រជាកសិករ ។
២ ). រដ្ឋាភិបាលត្រូវរៀបចំផែនការយុទ្ធសាស្រ្តដោយប្រមូលនូវក្ដីកង្វល់ តម្រូវការ បញ្ហាប្រឈម និងធនធានចាំបាច់ពីប្រជាកសិករ ដើម្បីរកវិធីសាស្រ្ត និងយុទ្ធសាស្រ្តសំខាន់ៗ ក្នុងការដាំដុះ ចិញ្ជឹម ឬក្របកមុខរបរវិស័យកសិកម្មបែបគោលការណ៍ធម្មជាតិ ។ ៣ ). ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការរៀបចំស្នើថវិការជាតិទៅរដ្ឋសភាដើម្បីចំណាយលើការជួយដល់កសិករ ដូចជាកម្ចីជាទុន ការបណ្ដុះបណ្តាលបច្ចេកទេសដំាំដុះ កែច្នៃ វេចខ្ចប់ និងខ្សែរសង្វាក់ទីផ្សារនៃកសិកម្មបែបគោលការណ៍ធម្មជាតិ ។ ៤ ). រដ្ឋាភិបាលត្រូវធ្វើការរៀបចំគោលនយោបាយដោះស្រាយបញ្ហាដីធ្លី និងគោលនយោបាយទឹក ដោយត្រូវមានប្រព័ន្ធធារាសាស្រ្តប្រកបដោយគុណភាពក្នុងធានាទឹកឲ្យកសិករប្រើប្រាស់ទាំងរដូវវស្សារ និងរដូវប្រាំង ។ ៥ ). រដ្ឋាភិបាលត្រូវមានវិធានការយ៉ាងដាច់ណាត់ក្នុងហាមឃាត់ការនាំចូលបន្លែ ឬផលិតផលកសិកម្មពីប្រទេសជិតខាងដូចជា ប្រទេសវៀតណាម ប្រទេសថៃ ជាដើម ដើម្បីធានាដល់ទីផ្សារក្នុងស្រុក ។
សូមជម្រាបថា អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃនេះ កម្ពុជាមានតម្រូវការបន្ថែចំនួនប្រមាណ ៥៧៣តោនក្នុង១ថ្ងៃ ដែលចំនួននេះ កសិករកម្ពុជាអាចផលិតបានប្រមាណ៤០០តោន និងសល់ពីនេះនាំចូល១៧០តោន ពីប្រទេសវៀតណាម ថៃ និងចិន ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!