ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលថៃ ដាក់អោយដំណើរការគម្រោងទូទាត់ឆ្លងដែន តាមរយៈកម្មវិធី (Mobile Banking App) ដើម្បីស្កេន QR code
ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលថៃ ដាក់អោយដំណើរការគម្រោងទូទាត់ឆ្លងដែន តាមរយៈកម្មវិធី (Mobile Banking App) ដើម្បីស្កេន QR code ។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា និងលោក Veerathai Santiprabhob ទេសាភិបាលធនាគារកណ្តាលថៃ បានចូលរួមក្នុងកម្មវិធីដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែនតាមរយៈ QR Code រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។
ការដាក់ឱ្យដំណើរការគម្រោងនេះ មានអត្ថប្រយោជន៍ណាស់សម្រាប់ការលើកកម្ពស់ការទូទាត់រូបិយវត្ថុជាតិ ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ សម្រួលការធ្វើពាណិជ្ជកម្មឆ្លងដែន និងកំណើនភ្ញៀវទេសចរ ទៀតផង។
សួមជម្រាបជូនថា ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះតទៅ ប្រជាជនកម្ពុជា ដែលជាអតិថិជនរបស់ធនាគារទំនាក់ទំនង ឬអតិថិជនរបស់សមាជិកធនាគារទំនាក់ទំនងណាមួយ ទៅកម្សាន្តនៅប្រទេសថៃ អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ ឬសេវា ដោយប្រើកម្មវិធីធនាគារចល័ត (Mobile Banking App) ដើម្បីស្កេន QR code ដែលដាក់បង្ហាញនៅតាមបញ្ជររបស់ពាណិជ្ជករទូទាត់រាយនៅក្នុងប្រទេសថៃ។
ទន្ទឹមនោះ នៅក្នុងរង្វង់ត្រីមាសទី៣ ឆ្នាំ២០២០ ខាងមុខនេះ ប្រជាជនថៃ ដែលមកកម្សាន្តនៅប្រទេសកម្ពុជា ក៏អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ ឬសេវា ដោយប្រើកម្មវិធីធនាគារចល័ត (Mobile Banking App) ដើម្បីស្កេន QR code ដែលដាក់បង្ហាញនៅតាមបញ្ជររបស់ពាណិជ្ជករទូទាត់រាយនៅក្នុងប្រទេសកម្ពុជា វិញផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!