អភិបាលស្រុក បញ្ជាក់ថា បេសកកម្មជួយសហគមន៍កសិករស្រុកបន្ទាយស្រី លក់ត្រសក់ផ្អែម ត្រូវបានបញ្ចប់ដោយជោគជ័យ មុនការគ្រោងទុក
បេសកកម្មជួយសហគមន៍កសិករបន្ទាយស្រីលក់ត្រសក់ផ្អែម ត្រូវបានបញ្ចប់ដោយជោគជ័យមុនផែនការគ្រោងទុក ដោយត្រសក់ផ្អែមទាំងអស់នៅក្នុងចំការទាំងមូលត្រូវបានទិញ និងកក់ទុករួចអស់ហើយគិតត្រឹមថ្ងៃទី ១៩ ខែកុម្ភៈ នេះ ។
បើតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ថា សហគមន៍កសិករត្រសក់ផ្អែម ស្រុកបន្ទាយស្រី ត្រូវបានដោះស្រាយរួចរាល់ទាំងស្រុង គិតត្រឹមក្នុងថ្ងៃទី ១៩ ខែ កុម្ភៈ នេះ ហើយគម្រោងកម្មវិធីផ្សព្វផ្សាយលក់ដោយផ្ទាល់នៅផ្សារហេរីថេក ដែលដំបូងឡើយគ្រោងលក់រហូតដល់ថ្ងៃទី២៦ ខែ កុម្ភៈ ក៏នឹងបញ្ចប់ត្រឹមថ្ងៃដដែលនេះ ផងដែរ ដោយលោក បញ្ជាក់ថា ដោយសារតែមានតម្រូវការដ៏ច្រើនលើសលុប ដែលមិនគួរអោយនឹកស្មានដល់ ។
អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានថ្លែងការដឹងគុណចំពោះសាធារណៈជនទាំងអស់ ដែលបានចូលរួមជួយទិញត្រសក់ផ្អែម ក្នុងពេលលំបាកមួយនេះ ដោយលោក លើកឡើងថា ដោយសារតែមានការខ្នះខ្នែងចូលរួមជួយពីសំណាក់បងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទីយ៉ាងផុសផុលបែបនេះ ទើបបញ្ហាទាំងមូលអាចដោះស្រាយបានត្រឹមតែក្នុងរយៈពេលមិនដល់ ២ថ្ងៃ ផងនោះ ។
លោកអភិបាលស្រុករូបនេះ បានអោយដឹងដែរថា មានបុគ្គល និងក្រុមហ៊ុនមួយចំនួន ដែលបានជួយទិញត្រសក់ផ្អែមរបស់កសិករ ក៏ដូចជាការជួយគាំទ្រ រួមមាន៖
- ផ្សារទំនើបឡាក់គី ទទួលយកទៅលក់នៅគ្រប់ហាងរបស់ខ្លួនទាំងអស់ និងលក់ក្នុងថ្លៃដើម
- ផ្សារហេរីថេក បានផ្តល់ទីតាំងសម្រាប់ផ្សព្វផ្សាយ និងលក់ដោយផ្ទាល់ដោយមិនគិតថ្លៃ
- ក្រុមហ៊ុន Temple Group បានបញ្ចូនក្រុមការងារមកជួយធ្វើបង្អែម និងទឹកក្រឡុកពីត្រសក់ផ្អែម និងចែកជូនដោយឥតគិតថ្លៃ
- ក្រុមហ៊ុន Retro Investment បានបញ្ជូនក្រុមការងារសម្របសម្រួលការលក់ ការតុបតែង និងការគ្រប់គ្រងកម្មវិធីទាំងមូល
- លោក អុឹង ឃាង បានទិញត្រសក់ផ្អែមចំនួន ១៥០០គីឡូក្រាម ហើយចែកជូនអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បីដោយឥតគិតថ្លៃ
- លោកស្រី អ៊ូ ធីតាពៅ ភរិយាលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្ម័គ្រចិត្តជួយទិញ ១០០០គីឡូក្រាម ប៉ុន្តែបានបរិច្ចាគត្រសក់ផ្អែមត្រលប់ទៅវិញទាំងអស់ ដើម្បីទុកជូនប្រជាកសិករសម្រាប់លក់បន្ត ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!