របាយការណ៍ ៖ ឆ្នាំ២០១៩ កម្លាំងនគរបាលជាតិ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា នូវឧបាយកលផ្សេងៗ
ក្នុងរយៈពេលឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ សម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ ក្នុងការធានារក្សាសន្ដិភាព ដោយក្នុងនោះ កងកម្លាំងនគរបាលជាតិ បានដើរតួនាទីជាស្នូលដ៏សំខាន់ ក្នុងការគ្រប់គ្រងសភាពការណ៍ ដោយបានចាត់វិធានការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា នូវឧបាយកលផ្សេងៗ។
យោងតាមរបាយការណ៍ស្ដីពីលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ អានដោយ លោក ប៉ោ ភក្តិ អគ្គលេខាធិការនៃអគ្គលេខាធិកាដ្ឋានក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ថា កងកម្លាំងនគរបាលជាតិ បានសម្រេចបាននូវស្នាដៃជាច្រើន ក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក៏ដូចជា ការចូលរួមការពារយ៉ាងរឹងមាំនៃខឿនឯករាជ្យជាតិ បូរណភាពទឹកដី ការពារខ្សែបន្ទាត់ព្រំដែនមិនអនុញ្ញាតឲ្យមានការរំលោភបំពានពីប្រទេសជិតខាង។
លោក ប៉ោ ភក្តិ បន្តថា ក្នុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ សម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ ក្នុងការធានារក្សាសុខសន្ដិភាព និងស្ថិរភាពសង្គម ក្នុងនោះ អាជ្ញាធរដែនដី និងកងកម្លាំងនគរបាលជាតិ បានដើរតួនាទីជាស្នូលដ៏សំខាន់ ក្នុងការគ្រប់គ្រងសភាពការណ៍ ដោយចាត់វិធានការទប់ស្កាត់ បន្សាបឥទ្ធិពល និងបង្ក្រាបទាន់ពេលវេលា នូវឧបាយកល និងសកម្មភាពរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ។
មន្ត្រីជាន់រូបនេះ បញ្ជាក់ថា វិធានការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវបានបន្ដជំរុញយ៉ាងសកម្មផុលផុស ស្របតាមផែនការនៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានោះ ការបង្ក្រាបបទល្មើសជួញដូរ ល្បែងស៊ីសង បទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ ក៏ដូចជាវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គិភ័យ អាវុធជាតិផ្ទុះ បានអនុវត្តន៍យ៉ាងសស្រាក់សស្រាំ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!