រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថា ជប៉ុនមិនទាន់បញ្ជាក់ជាផ្លូវការចំពោះជនជាតិជប៉ុនថាកើតជំងឺ COVID-១៩ នៅឡើយនោះទេ
ជប៉ុនមិនទាន់បញ្ជាក់ជាផ្លូវការចំពោះជនជាតិជប៉ុនថាកើតជំងឺ COVID-១៩ នៅឡើយ ហេីយអភិបាលខេត្តបានចាត់វិធានការស្រាវជ្រាវ និងត្រៀមបង្ការ ។
ថ្មីៗនេះ ការផ្សព្វផ្សាយជុំវិញព័ត៌មានថា ជនជាតិជប៉ុនម្នាក់បានឆ្លងជំងឺ COVID-១៩ ដែលបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប ឆ្លងកាត់អាកាសយានដ្ឋាន ទីក្រុងហូជីមិញ នៃប្រទេសវៀតណាម រួចបន្តដំណើរទៅប្រទេសជប៉ុន ។
លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានគូសបញ្ជាក់ថា ជនជាតិជប៉ុនរូបនេះ គឺគាត់ជាអ្នករស់នៅនិងប្រកបអាជីវកម្មនៅក្នុងខេត្តសៀមរាប មិនមែនមកដំណើរកំសាន្តលក្ខណៈទេសចរណ៍នោះទេ ។
លោកអភិបាលខេត្ត បន្តថា អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ ដោយបានសហការជាមួយនឹងកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប មន្ទីរសុខាភិបាលខេត្ត និងក្រសួងសុខាភិបាលសុខាភិបាល ។ ក្នុងនោះតាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលខេត្ត និងភាគីកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប បានបញ្ជាក់ថា មុនចេញដំណើរការពិនិត្យសុខភាពជនជាតិជប៉ុនរូបនេះ ពុំមានរោគសញ្ញាកើតជំងឺ COVID-១៩ នោះឡើយ។
រដ្ឋបាលខេត្តសៀមរាប បានអោយដឹងទៀតថា ស្ថានកុងស៊ុលជប៉ុន បានបញ្ជាក់ថា ក្រសួងសុខាភិបាលជប៉ុន ពុំទាន់បានជូនដំណឹងជាផ្លូវការ ថាជនជាតិជប៉ុនរូបនេះ មានឆ្លងនឹងកើតជំងឺ COVID-១៩ នៅឡើយទេ។ តែទោះជាយ៉ាងណា លោកអភិបាលខេត្តសៀមរាប បានណែនាំឲ្យមន្ត្រីសុខាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធ សហការជាមួយក្រសួងសុខាភិបាលដាក់ចេញនូវវិធានការនានា ដើម្បីត្រៀមបង្ការ និងស្រាវជ្រាវករណីនេះ បើទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការក៏ដោយ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!