អភិបាលខេត្តកណ្ដាល ដាក់ចេញការប្រកួតប្រជែងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដាក្រុង-ស្រុក ទាំង១១ នៃខេត្តកណ្ដាល
លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល ជាលើកដំបូង ក្រោយលោកត្រូវបានប្រកាសអោយចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ។
ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត បានស្នើដល់អភិបាលក្រុង-ស្រុក ទាំង១១ ក្នុងខេត្តកណ្ដាល ត្រូវធើ្វការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ តាមដងផ្លូវ តាមសួនច្បារ សាលារៀន និងពង្រឹងការអនុវត្តច្បាប់ ការរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ អោយបានល្អប្រសើរ នៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ ។
អភិបាលខេត្តរូបនេះ បញ្ជាក់ថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ពិតជាសំខាន់ណាស់ នៅតាមបណ្ដាក្រុង-ស្រុក ដែលនេះជាការឆ្លុះបញ្ចាំងអោយឃើញពីការអភិវឌ្ឍក្នុងមូលដ្ឋាន និងប្រទេសជាតិទាំងមូល ព្រមទាំងសបញ្ជាក់ពីការយកចិត្តទុកដាក់លើសោភ័ណ្ឌភាពក្រុង-ស្រុក ផងដែរ។
ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព លោកអភិបាលខេត្ត បានដាក់ចេញនូវការប្រកួតប្រជែង ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដាក្រុង-ស្រុក ទាំង១១ ដើម្បីតាមដាន និងពិនិត្យមើល តើក្រុង-ស្រុកណាមួយ ដែលមានការអភិវឌ្ឍរីកចម្រើនជាងគេ និងយកធើ្វជាគំរូ អោយស្រុក-ក្រុង ផ្សេងៗទៀតអនុវត្តន៍តាម។
ក្នុងកិច្ចប្រជុំនោះដែរ លោក គង់ សោភ័ណ្ឌ ក៏បានជម្រុញដល់កងកម្លាំងមន្រ្តីនគរបាលទាំងអស់ ត្រូវទប់ស្កាត់បទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ដែលភាគច្រើនកើតនៅតាមព្រំដែន ដោយត្រូវការពារ ទប់ស្កាត់អោយបានជាដាច់ខាត ដើម្បីសុវត្ថិភាព និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងអស់គ្នា៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!