ក្រុមសហជីព ស្នើអោយក្រសួងសុខាភិបាល ត្រូវតែមានការពិនិត្យ តាមដាន និងបាញ់ថ្នាំសម្លាប់មេរោគ អោយបានត្រឹមត្រូវ នៅពេលដែលនាវាដឹកវត្ថុធាតុដើមពីប្រទេសចិន ចូលមកដល់ទឹកដីប្រទេសកម្ពុជា
ក្រុមសហជីព ស្នើអោយរដ្ឋាភិបាល ជាពិសេស ក្រសួងសុខាភិបាល ត្រូវតែមានការពិនិត្យ តាមដាន និងបាញ់ថ្នាំសម្លាប់មេរោគ អោយបានត្រឹមត្រូវ នៅពេលដែលនាវាដឹកវត្ថុធាតុដើមពីប្រទេសចិន ចូលមកដល់ទឹកដីប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគ ខូវីត ១៩ នៅក្នុងប្រទេសកម្ពុជា ។
ប្រធានសហជីពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា បានបង្ហាញការសាទរចំពោះប្រទេសចិន ដែលបានរៀបចំនាវាចំនួន៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើម មកផ្គត់ផ្គង់ដល់រោងចក្រនៅកម្ពុជា ស្របពេលមានវិបត្តិជម្ងឺកូវីត១៩ ដែលបណ្តាលឱ្យរោងចក្រមួយចំនួនក្នុងប្រទេសកម្ពុជា បង្ខំចិត្តផ្អាកការងារជាបណ្ដើរៗ ដោយសារខ្វះវត្ថុធាតុដើម ។ លោក ប៉ាវ ស៊ីណា លើកឡើងថា ទោះបីជាការផ្ដល់វត្ថុធាតុដើមនេះ មិនមានចំនួនច្រើន និងមិនទាន់គ្រប់គ្រាន់តាមតម្រូវការរបស់សង្វាក់ផលិតកម្មរោងចក្រនៅកម្ពុជា យ៉ាងណាក្ដី ក៏ប៉ុន្តែជាការចាប់ផ្ដើមមួយក្នុងការជួយសម្រួលការខ្វះខាតមួយកម្រិត ផងដែរ ដល់ចង្វាក់ផលិតកម្មរោងចក្រកាត់ដេរនៅកម្ពុជា ដែលកំពុងខ្វះខាតវត្ថុធាតុដើម នាពេលនេះ ។
ដើម្បីកាត់បន្ថយការលំបាក ក៏ដូចជាការខ្វះខាតវត្ថុធាតុដើម នៅកម្ពុជា ប្រធានសហជីពរួបនេះ នៅតែជម្រុញអោយរដ្ឋាភិបាល ពិនិត្យសិក្សារកប្រទេសដទៃទៀត ក្នុងការផ្គត់ផ្គងវត្ថុធាតុដើម មកដល់ប្រទេសកម្ពុជា ដោយមិនរង់ចាំតែប្រទេសចិន តែមួយ បាននោះទេ ។
ស្រដៀងគ្នានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិកម្ពុជា លើកឡើងថា រដ្ឋាភិបាល គួរពិចារណា ក្នុងការស្វែងរកដៃគូ ឬប្រទេសផ្សេងៗទៀត ដូចជា ប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី ជាដើម ដើម្បីនាំចូលវត្ថុធាតុដើមមកបំពេញការខ្វះខាតរបស់រោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នៅប្រទេសកម្ពុជា ផងដែរ ។
តែយ៉ាងណា លោក ហ្វា សាលី ក៏បានថ្លែងការសាទរចំពោះប្រទេសចិន ផងដែរ ក្នុងការខិតខំ និងយកចិត្តទុកដាក់ជួយដល់កម្ពុជា តាមរយៈការផ្ដល់វត្ថុធាតុដើម មកកាន់ប្រទេសកម្ពុជា បើទោះបីជាចំនួននេះ មិនទាន់សមស្របនឹងតម្រូវការជាក់ស្ដែងរបស់កម្ពុជា ក៏ដោយ ។ ក៏ប៉ុន្តែលោក ហ្វា សាលី បានស្នើអោយរដ្ឋាភិបាល ជាពិសេស ក្រសួងសុខាភិបាល ត្រូវតែមានការពិនិត្យ តាមដាន និងបាញ់ថ្នាំសម្លាប់មេរោគ អោយបានត្រឹមត្រូវ នៅពេលដែលនាវាដឹកវត្ថុធាតុដើមពីប្រទេសចិន ចូលមកដល់ទឹកដីប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគ ខូវីត ១៩ នៅក្នុងប្រទេស ។
ដោយឡែក លោក គី សេរីវឌ្ឍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានបញ្ជាក់ថា អ្វីទាំងអស់នេះ គឺជាសមិទ្ធិផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញរក្សាលំនឹង និងដំណើរការសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា តាមរយៈដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិន នាពេលថ្មីៗ កន្លងទៅ ក្នុងដំណាក់កាលដែលប្រទេសកំពុងផ្ទុះយ៉ាងខ្លាំងនូវជម្ងឺខូវីត ១៩ ។
ខណៈកម្ពុជាកំពុងរងផលប៉ះពាល់អំពី ការផ្ទុះឡើងជម្ងឺខូវីត ១៩ និងការដកផ្នែកខ្លះនៃប្រព័ន្ធធអនុគ្រោះពន្ធ EBA ផងដែរនោះ លោក គី សេរីវឌ្ឍ បានជម្រុញអោយរដ្ឋាភិបាល គួរមានការផ្លាសប្ដូរសង្វាក់ផលិតកម្មឧស្សាហកម្មកាត់ដេរ ទៅជាឧស្សាហកម្មអេឡិចត្រូនិច តាមរយៈការបណ្ដុះបណ្ដាលជំនាញកច្ចេកទេសអេឡិចត្រូនិច ដល់កម្មករ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត ។
គួរកត់សម្គាល់ដែរថា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលចិនបានរៀបចំនាវាចំនួន៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើម មកផ្គត់ផ្គង់ដល់រោងចក្រនៅកម្ពុជា ស្របពេលមានវិបត្តិកូវីត១៩ ដែលបណ្តាលឱ្យរោងចក្រមួយចំនួនក្នុងប្រទេសកម្ពុជា បង្ខំចិត្តផ្អាកការងារដោយសារខ្វះវត្ថុធាតុដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ជើងទី១របស់នាវាចិន ដែលដឹកសម្ភារៈវត្ថុធាតុដើមពីប្រទេសចិនមកកាន់កម្ពុជា មកដល់កំពង់ផែកម្ពុជានៅថ្ងៃទី០៩ ខែមីនា ហើយជើងទី២ នឹងមកដល់នៅថ្ងៃនេះ ហើយនឹងមានមកដល់បន្តបន្ទាប់ទៀត។
ជាមួយគ្នានេះដែរ ស្ថានទូតចិនប្រចាំកម្ពុជា បានអះអាង ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិន ក្នុងការជួយដល់កម្ពុជា ពាក់ព័ន្ធករណីខ្វះវត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា ផងដែរ ។
ស្ថានទូតចិនបញ្ជាក់ថា នាវាជើងទី១ ដែលមកដល់កំពង់ផែក្នុងព្រះសីហនុមុនគេនេះ មានផ្ទុកវត្ថុធាតុដើមវិស័យវាយនភណ្ឌកាត់ដេរជាង៦០កុងតឺន័រ ខណៈនាវាដឹកវត្ថុធាតុដើមផ្សេងទៀត នឹងមកដល់កម្ពុជាបន្តបន្ទាប់ ដែលនេះនឹងជួយខាតបង់របស់កម្ពុជា អាចធ្លាក់ដល់អត្រាទាបបំផុត ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!