សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ ត្រូវបានរដ្ឋសភាកម្ពុជា អនុម័ត ទាំងស្រុង
សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ ត្រូវបានរដ្ឋសភាកម្ពុជា អនុម័តរួចហើយដោយសំឡេង ១១៦លើ១១៨ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ។
យោងតាមសេចក្តីថ្លែងហេតុរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអោយដឹងថា សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ ត្រូវបានគណៈរដ្ឋមន្ត្រី សម្រេចយល់ព្រម ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីបញ្ជូនទៅសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញតិ្ត ដែលរួមមាន ៨មាត្រា ដែលមានខ្លឹមសារសង្ខេបសំខាន់ៗដូចខាងក្រោម ៖
មាត្រា១ ដល់មាត្រា៤ កំណង់អំពីឈ្មោះក្រសួងថ្មី សមត្ថកិច្ចរបស់ក្រសួង និងសមត្ថកិច្ចដឹកនាំគ្រប់គ្រងក្រសួង។មាត្រា៥ កំណត់អំពីបទប្បញ្ញត្តិដើម្បីធានាបាននិរន្តរភាព នៃការអនុវត្តលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស ។ មាត្រា៦ កំណត់ពីបញ្ហាដែលពាក់ព័ន្ធនឹងការគ្រប់គ្រង ដឹកនាំក្រសួង តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដែលពាក់ព័ន្ធនឹងការអនុវត្តច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលត្រូវមានអានុភាពអនុវត្តន៍ទៅមុខទៀត រហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស ស្របតាមបទបញ្ញត្តិនៃច្បាប់ថ្មីនេះ។ មាត្រា៧ ដល់មាត្រា៨ កំណត់អំពីការនិរាករណ៍ច្បាប់ និងការប្រកាសឲ្យប្រើច្បាប់ជាការប្រញាប់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាពឲ្យប្តូរឈ្មោះក្រសួង «ឧស្សាហកម្ម និងសិប្បកម្ម» ទៅជា «ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។ ការឯកភាព បានធ្វើឡើងបន្ទាប់ពីមានសំណើរបស់ លោក ចម ប្រសិទ្ធ ដែលជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នាពេលបច្ចុប្បន្ននេះ។
គួររំលឹកដែរថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើមឡើយមានឈ្មោះថា ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។ លុះនៅអាណត្តិទី៥ រាជរដ្ឋាភិបាលសម្រេចបង្កើតក្រសួងថ្មីមួយទៀតឈ្មោះថា ក្រសួង «រ៉ែ និងថាមពល» ដូច្នេះក្រសួង «ឧស្សាហកម្ម រ៉ែ និងថាមពល» ត្រូវបានប្តូរឈ្មោះទៅជាក្រសួង «ឧស្សាហកម្ម និងសិប្បកម្ម» វិញ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!