លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រានចោលការផ្សាយរបស់ទូរទស្សន៍បរទេសមួយ ដែលថា លោកបានឆ្លងជម្ងឺ ខូវីដ ១៩
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលអញ្ជើញចូលរួម សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកទាត់ចោលនូវការផ្សាយព័ត៌មានក្លែងក្លាយ ដែលផ្សាយដោយទូរទស្សន៍បរទេសមួយ ដែលថាលោក បានឆ្លង ឬប្រហែលឆ្លងជំងឺ Covid-19 ។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថា សុខភាពរបស់លោក នៅល្អមាំមួន និងមិនមានការឆ្លងជំងឺ Covid-19 ដូចការចុះផ្សាយបំភ្លៃរបស់ទូរទស្សន៍បរទេសនោះទេ ពោលគឺ នៅព្រឹកថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញវត្តមាន ក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ហើយថ្ងៃស្អែក លោក នឹងអញ្ជើញទៅចូលរួមបុណ្យទន្លេ នាខេត្តបាត់ដំបងផងដែរ។
ជាថ្មីម្តងទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យមានការប្រឆាំងជាដាច់ខាតនូវព័ត៌មានក្លែងក្លាយ ដែលវាជាជំងឺកាចសាហាវ ជាងជំងឺ Covid-19 ទៅទៀត។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវអោយប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការរីករាលដាលនូវជម្ងឺឆ្លងនេះ តាមរយៈវិធានការអនាម័យ ដោយចាប់ផ្តើមពីមនុស្សម្នាក់ៗ គ្រួសារនីមួយៗ ភូមិនីមួយៗ ដើម្បីធានាថា នៅកម្ពុជាគ្មានជម្ងឺឆ្លងបន្ថែមទៀត លើចំនួនដែលបានឆ្លងរួចមកហើយ ចំនួន៥នាក់ក្នុងនោះជនជាតិខ្មែរ១នាក់ អង់គ្លេស៣នាក់ និង ចិន១នាក់ ដែលបានព្យាបាលជាសះស្បើយរួចហើយ»៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!