លោក ស ខេង ហាមប្រជាពលរដ្ឋ កុំអោយជួល ឬលក់ដីអោយពលរដ្ឋនៃប្រទេសជិតខាង បន្តទៀត
លោក ស ខេង ក្រើនរំឭកសារជាថ្មីដល់លោកអភិបាលខេត្តទាំងអស់ដែលជាប់ព្រំដែនជាមួយ ប្រទេសជិតខាង ត្រូវណែនាំប្រជាពលរដ្ឋកុំជួលដីស្រែរបស់ខ្លួនឲ្យទៅកសិករប្រទេសជិតខាង តទៅទៀត ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ។
លោក ស ខេង ថ្លែងថា ករណីគេសុំជួលដី ដើម្បីបង្កបង្កើនផលនៅតាមព្រំដែន គឺកុំឱ្យមានឱ្យសោះ ពីព្រោះការធ្វើស្រែបន្តិចបន្តួចនៅតាមព្រំដែន វានឹងនាំឲ្យមានការស្មុគស្មាញទៅថ្ងៃក្រោយ ហើយប្រជាជនណា ដែលជួលដីស្រែឱ្យទៅប្រទេសជិតខាង គឺខុសច្បាប់ កាធ្វើបែបនេះ ក្នុងន័យដើម្បីការពារបូរណភាព អធិបតេយ្យទឹកដីរបស់កម្ពុជា ។
គួរកត់សម្គាល់ដែរ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសារាចរមួយ ដើម្បីហាមប្រជាពលរដ្ឋខ្មែរ កុំឲ្យលក់ឬជួល ដីស្រែ ដីចំការ ឬដីលំនៅឋាននៅតាមតំបន់ព្រំដែនឲ្យទៅប្រជាពលរដ្ឋនៃប្រទេសជិតខាង ដូចជា ប្រទេសវៀតណាម ឡាវ និងថៃ ជាដើម។
នៅក្នុងសារាចរនោះ ក៏បានបញ្ជាក់ថា ក្នុងករណីមានការជួលហើយ តែពុំមានឯកសារគតិយុត្ត ឬកិច្ចសន្យាត្រឹមត្រូវ អភិបាលខេត្តត្រូវបញ្ឈប់លែងឲ្យមានការជួលតទៅទៀត។ ប៉ុន្តែក្នុងករណីជួលរួចហើយ មានឯកសារគតិយុត្តត្រឹមត្រូវការជួលដីនោះអាចបន្តរហូតដល់អស់សុពលភាព ហើយបន្ទាប់ពីអស់សុពលភាព ហាមមិនឲ្យជួលដីនោះបន្តឲ្យ ប្រជាពលរដ្ឋ ប្រទេសជិតខាងទៀតឡើយ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!