រដ្ឋមន្ត្រីក្រសួងផែនការ ណែនាំដល់មន្ត្រីអោយអនុវត្តន៍តាមសារាចររបស់ក្រសួងសេដ្ឋកិច្ច អោយបានម៉ឺងម៉ាត់ ក្នុងការប្រើប្រាស់ថវិកា ឆ្នាំ ២០២០
ក្រសួងផែនការ បើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងផ្ទុះរីករាលដាលនូវជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ(COVID-១៩) ដែលបណ្តាលអោយមានផលប៉ះពាល់ដល់ក្របខណ្ឌច្បាប់ថវិកាឆ្នាំ២០២០ ។
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានចូលរួមបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយ សម្រាប់អនុវត្តន៍ច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រងឆ្នាំ២០២០ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ ប្រធាននាយកដ្ឋានពាក់ព័ន្ធទាំងអស់ នៃអង្គភាពថវិកាទាំង៥ របស់ក្រសួងផែនការ ផងដែរ ។
លោករដ្ឋមន្ត្រី ឆាយ ថន បានសង្កត់ធ្ងន់ដល់ថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងទាំងអស់ ត្រូវតែអនុវត្តន៍អោយបានម៉ឺងម៉ាត់តាមសារាចរណែនាំនេះ ជាពិសេសចូលរួមគោរពអនុវត្តន៍អោយបានតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-១៩ និងទប់ទល់ផលប៉ះពាល់អវិជ្ជមានមកលើសេដ្ឋកិច្ចជាតិ ។
លោករដ្ឋមន្ត្រី បានណែនាំដល់តាមបណ្តាអង្គភាពទាំងអស់ ក្នុងកិច្ចប្រជុំ ជួយណែនាំដល់មន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព អនាម័យផ្ទាល់ខ្លួន ជាពិសេសក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩ និងជំងឺឆ្លងផ្សេងៗទៀត ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!