កម្ពុជា នឹងផ្ទេរវិមជ្ឈការផ្នែកហិរញ្ញវត្ថុទៅថ្នាក់ក្រោមជាតិ ឲ្យបានកំរិត ០, ៥ %
សំឡេង៖
មជ្ឈមណ្ឌលសិក្សាស្រាចជ្រាវអភិបាលកិច្ចនៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធនេះ បានបើកសិក្ខាសិលាមួយ ស្តីពីគម្រោងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងដំណើរការអភិវឌ្ឈន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិដ្ឋាន គ.ជ.អ.ប លោក ជាម ប៉េអា លើកឡើងថា ក្នុងឆ្នាំ ២០១៨ ខាងមុខនេះ កម្ពុជា នឹងផ្ទេរវិមជ្ឈការផ្នែកហិរញ្ញវត្ថុទៅថ្នាក់ក្រោមជាតិ ឲ្យបានកំរិត ០, ៥ % សម្រាប់ចំណូលចំណាយរបស់រដ្ឋ ក្នុងការធ្វើវិមជ្ឈការ។
លោក ជាម ប៉េអា ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិដ្ឋាន គ.ជ.អ.ប បានថ្លែងយ៉ាងដូច្នេះថា ការធ្វើវិមជ្ឈការពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ អាចឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិនេះ មានថវិកា ជាង១០ លានដុល្លា ជារៀងរាល់ឆ្នាំ សម្រាប់ការអភិវឌ្ឈក្រុងស្រុករបស់ខ្លួន ឲ្យមានការរីកចំរើន។ លោក ជាម ប៉េអា បន្ថែមថា គោលដៅដែលនឹងសម្រេចឲ្យបាន នាពេលខាងមុខនេះ គឺការធ្វើវិមជ្ឈការហិរញ្ញវត្ថុ ផ្តល់លទ្ធិភាពឲ្យថ្នាក់ក្រោមជាតិ ប្រមូលចំណូលផ្ទាល់ខ្លួន និងសម្រួលឲ្យមានភាពងាយស្រួល ក្នុងការផ្ទេរមុខងារពីមជ្ឈការ ទៅវិមជ្ឈការឲ្យមានប្រសិទ្ធភាព។
ការផ្ទេរប្រព័ន្ធគ្រប់គ្រងតាមបែបមជ្ឈការ មកវិមជ្ឈការ របស់រដ្ឋាភិបាល ចាប់តាំងពីឆ្នាំ ២០០២ មកម្លេះ ហើយការផ្ទេរប្រព័ន្ធគ្រប់គ្រងនេះ គឺដើម្បីបង្កភាពងាយស្រួល ក្នុងការគ្រប់គ្រង និងបែងចែកភារកិច្ចឲ្យបានច្បាស់លាស់ ទៅដល់មន្ត្រីថ្នាក់ក្រោមជាតិ ដូចជាក្រុង ស្រុក ឃុំសង្កាត់ ជាដើម សម្រាប់បំពេញតួនាទី និងតម្រូវការទៅដល់ប្រជាពលរដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ឲ្យបានទាន់ពេលវេលា។
ពាក់ព័ន្ធនឹងសិក្ខាសិលានេះដែរ លោក ជាម ប៉េអា បានថ្លែងថា ការធ្វើវិមជ្ឈការនេះ ក៏បានបើកឱកាសឲ្យពលរដ្ឋទាំងអស់ ហ៊ានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឈមូលដ្ឋានរបស់ខ្លួន ដែលតម្រូវឲ្យរដ្ឋាភិបាល បង្កើតគម្រោងជ្រើសរើសខ្សែរឿង ទាក់ទងពីភាពជោគជ័យលេចធ្លោពីបណ្តាលសហគមន៍នីមួយៗ សម្រាប់ជាគំរូ និងបទពិសោធន៍ ដល់សាធារណៈជន។
មន្ត្រីជាន់ខ្ពស់កម្មវិធីអភិបាលកិច្ច លោកស្រី ម៉ន បូរីណា បានឲ្យដឹងថា ខ្សែរឿងនីមួយ ត្រូវបានដកស្រង់ចេញពីស្រុកចំនួន ៨ ទូទាំងប្រទេស ដោយត្រូវបានជ្រើសរើសតែ៥ រឿងប៉ុណ្ណោះ ក្នុងចំណោម ៦៣ សាច់រឿង ដែលជាខ្សែរឿង ឆ្លុះបញ្ចាំងពីជីវិតពិតរបស់បុគ្គលម្នាក់ ឬភាពជាអ្នកដឹងនាំ ដែលបានទទួលសំឡេងឆ្នោតច្រើនជាងគេ។ អ្នកស្រី បន្ថែមថា ខ្សែរឿងដែលបានជាប់ជ័យលាភីទាំង៥ នឹងយកទៅថតជាខ្សែភាពយន្តអប់រំ ដើម្បីផ្សព្វផ្សាយសាធារណៈ។
សូមជំរាបថា សិក្ខាសិលានេះ ប្រព្រឹត្តឡើងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៣ ទី៤ ខែឧសភា នៅទីស្នាក់ការក្រសួងមហាផ្ទៃ ដោយមានអ្នកចូលរួមពីក្រុមប្រឹក្សាឃុំសង្កាត់ និងគណៈអភិបាលក្រុង ស្រុក និងមន្ត្រីអង្គការសង្គមស៊ីវិល រួមទាំងម្ចាស់ខ្សែរឿងមួយចំនួន មកពីបណ្តាក្រុងស្រុក ទាំង៨ ក្នុងប្រទេសកម្ពុជា។
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!