អ្នកនាំពាក្យក្រសួងសាធារណការ ៖ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរ នឹងធ្វើអោយការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរ បានលេចចេញជារូបរាងហើយ ។
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបាន បានដឹកនាំកិច្ចប្រជុំក្រុមជំនួយការរៀបចំសេចក្តីព្រាងច្បាប់ (Ad-hoc) និងក្រុមជំនួយការលេខាធិការរបស់ក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរ ដោយមានការចូលរួមពីថ្នាក់ក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះ ផ្ដោតជាសំខាន់លើការប្រកាសសុពលភាពសេចក្តីសម្រេចលេខ០២៧ សសរ.សក បង្កើតក្រុមការងារអន្តរក្រសួង និងប្រកាសលេខ១៧៤ ប្រក.សក ស្តីពីការបង្កើតក្រុមជំនួយការរៀបចំសេចក្តីព្រាងច្បាប់ Ad-hoc ដើម្បីពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ឋលូបង្ហូរ សាវតានៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ឋលូ ខ្លឹមសារសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ឋលូ។
ជាមួយគ្នានេះ លោក ប៉ាល់ ចន្ទតារា បានលើកឡើងអំពីលទ្ធផលការងារសំខាន់ៗសម្រេចបាន ដែលក្នុងនោះរួមមាន ៖ សេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សា និងផ្ដល់យោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទឹកកខ្វក់ អនុក្រឹត្យ និងរចនាសម្ព័ន្ធគ្រប់គ្រង និងដឹកនាំការងារគ្រប់គ្រងទឹកកខ្វក់នៅកម្ពុជា។
លោករដ្ឋលេខាធិការរូបនេះ បានគូសបញ្ជាក់ថា ការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរ ដែលនឹងជួយធ្វើឱ្យប្រសើរឡើងដល់ការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈ និងការអភិរក្សជីវចម្រុះ នៅពេលសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តនាពេលខាងមុខ ។
ក្នុងឳកាសនោះ លោករដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារក្រសួង និងជំនាញការពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរនេះឱ្យលេចចេញជារូបរាងឡើង នាពេលនេះ ។
គួរកត់សម្គាល់ដែរថា ដោយមើលឃើញអំពីតម្រូវការកើនឡើងក្នុងការលើកកម្ពស់អនាម័យ ការគ្រប់គ្រង និងសម្អាតទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសិក្សា និងអនុវត្តគម្រោងផ្សេងៗ ដែលទាក់ទងនឹងវិស័យទឹកកខ្វក់ ដើម្បីលើកកម្ពស់សុខុមាលភាព និងអនាម័យរបស់ប្រជាពលរដ្ឋ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!