ផ្លូវជាតិលេខ៣ ភ្នំពេញ-ក្រុងកំពត (១៣៤,៨២៦គ.ម) កំពុងស្ថាបនាឡើងវិញបាន៧៤% និងពិនិត្យការដាក់ស្លាកសញ្ញាការដ្ឋាន ដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
ផ្លូវជាតិលេខ៣ ភ្នំពេញ-ក្រុងកំពត (១៣៤,៨២៦គ.ម) កំពុងស្ថាបនាឡើងវិញបាន៧៤% និងពិនិត្យការដាក់ស្លាកសញ្ញាការដ្ឋាន ដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យគុណភាព នៃការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅទៅក្រុងកំពត ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុន ត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យគុណភាពនៃការសាងសង់ ថាតើស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង តាមរយៈការប្រើប្រាស់ម៉ាស៊ីនខួងពិនិត្យមើលស្រទាប់គ្រឹះ និងការពិនិត្យមើលការបំពាក់ភ្លើងស្តុប និងស្លាកសញ្ញាចរាចរណ៍ ដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
សូមជម្រាបជូនថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែង សរុប១៣៤,៨២៦ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី១ ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស ប្រវែង៦៩,៩០ គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។ ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពតប្រវែង៦៤,៩២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវACកម្រាស់៧សង់ទីម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។
គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២១៩,៩១១ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ។
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣នេះ មានរយៈពេល៤៨ខែ តាមគម្រោងត្រូវបញ្ចប់នៅឆ្នាំ ២០២២ ប៉ុន្តែដោយសារវឌ្ឍនភាពនៃការសាងសង់បានដំណើរការដោយភាពរលូន ការសាងសង់អាចនឹង ត្រូវបញ្ចប់មុនគម្រោងរយៈពេល៩ខែ ពោលគឺនៅចុងឆ្នាំ២០២១ខាងមុខនេះ ហើយគិតរហូតមកទល់ពេលនេះការសាងសង់សម្រេចបាន៧៤%ហើយ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!