រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីកិច្ចសហការ និងការសិក្សាផលបះពាល់ ក្នុងការអនុវត្តគម្រោងសាងសង់ សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យាជាតិ សម្ដេច ហ៊ុនសែន កំពត
រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីកិច្ចសហការ និងការសិក្សាផលបះពាល់ ក្នុងការអនុវត្តគម្រោងសាងសង់ សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យាជាតិ សម្ដេច ហ៊ុនសែន កំពត ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមានរបស់លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ,លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីមន្ត្រីដែលជាតំណាងក្រសួង មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ផងដែរ ។
លោក ជាវ តាយ អភិបាលខេត្តកំពត បានសំដែងការគាំទ្រដល់ការអនុវត្តនូវគម្រោងជាតិដ៏មានសារៈសំខាន់មួយនេះឡើង ក្នុងស្មារតីឆន្ទៈ សហការ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងសម្រេចបានជាសមិទ្ធផលរបស់ប្រទេសជាតិជាប្រវត្តិសាស្រ្ត សម្រាប់បម្រើប្រយោជន៍សាធារណៈ ពិសេសក្នុងវិស័យទេចរណ៍ នៅតំបន់រមណីយដ្ឋានទឹកឈូខេត្តកំពត។
ក្នុងកិច្ចប្រជុំនេះដែរ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ដោយសារកម្ពុជាយើងបច្ចុប្បន្នមានវារីអគ្គិសនីច្រើនគួរសម ហើយការប្រមូលផ្ដុំចំណេះដឹងបទពិសោធន៍នៅនឹងកន្លែងដូចស្រុកគេ ដើម្បីជាការស្រាវជ្រាវរៀនសូត្រស្វែងយល់ជាសាធារណជនទូទៅ នៅពុំទាន់មាននៅឡើយទេ។ ដូច្នេះគោលដៅនៃគម្រោងនេះ គឺផ្តោតសំខាន់លើបញ្ហាពីរ គឺ ទី១.សំដៅការបង្កើតឲ្យមានជាបណ្ដុំវ៉ារីអគ្គិសនីនៅតាមបណ្ដាខេត្តទាំងឡាយមួយចំនួនដែលមានក្នុងប្រទេសកម្ពុជាសម្រាប់ផ្ដល់ការចង់ដឹងរបស់អ្នកទេសចរណ៍ជាតិ អន្តរជាតិ ឬប្រជាពលរដ្ឋខ្មែរ ទាំងអស់មកកំសាន្តនៅទីនេះ ដោយគ្រាន់តែចូលមកមើលក្នុងសារមន្ទីរនេះ អំពីប្រព័ន្ធវ៉ារីអគ្គិសនីនៅកម្ពុជា គឺអាចដឹងបានដោយមិនចាំបាច់ទៅមើលដល់ទីកន្លែងឡើយ។ ទី២. ការដាក់ឧទ្យានជាតិនេះ គឺសំដៅចង់ឲ្យមានការទាក់ទាញទេសចរណ៍ជាតិអន្តរជាតិឬក៏ឲ្យប្រជាពលរដ្ឋមកកំសាន្តនៅតំបន់នេះកាន់តែច្រើននិងក៏ជាសមិទ្ធផលថ្មីរបស់ជាតិក៏ដូចជាសមិទ្ធផលសម្រាប់ខេត្តកំពតផងដែរ។
លោក កែវ រតនៈ ក៏បានបញ្ជាក់ឲ្យដឹងពីឈ្មោះគម្រោងសារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេច ហ៊ុន សែន កំពត ដែលបានដាក់បង្ហាញក្នុងកិច្ចប្រជុំពេលនេះ ថាគឺជាឈ្មោះគម្រោងបណ្ដោះអាសន្នមួយប៉ុណ្ណោះ បើថ្ងៃក្រោយយើងមានថាមពលខ្យល់ ឬព្រះអាទិត្យបន្ថែមទៀតយើងនឹងអាចកែប្រែឡើងវិញ។
គួរកត់សម្គាល់ដែរថា គោលបំណងនៃកិច្ចប្រជុំនេះ គឺផ្ដោតសំខាន់លើការចូលរួមពិគ្រោះយោបល់ពីអ្នកពាក់ព័ន្ធ សិក្សាពីផលបះពាល់ និងជំរុញអោយមានកិច្ចសហការគាំទ្របន្ថែមពីអាជ្ញាធរដែនដី ដើម្បីឈានដល់ការបើកផ្លូវអោយគម្រោងជាតិមួយនេះអាចអនុវត្តការសាងសង់ សម្រាប់ជាវិភាគទាននៃសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ខេត្តកំពត។
គម្រោងសាងសង់សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេច ហ៊ុន សែន កំពតនេះ គឺជាគម្រោងមួយដោយអនុវត្តផ្អែកតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ផ្ដល់ជូនអគ្គិសនីកម្ពុជា ដើម្បីអនុវត្តដំណើរការគម្រោងសាងសង់ នៅក្នុងឆ្នាំ២០២០នេះ នឹងអាចត្រូវបញ្ចប់នៅឆ្នាំ២០២២ខាងមុខ ដែលមានទីតាំងស្ថិតនៅ តំបន់សហគមន៍ នៃឧទ្យានជាតិព្រះមន្នីវង្ស"បូកគោ" លើផ្ទៃដីកោះទំហំ ៨,៦០ហិចតា នៅក្នុងភូមិសាស្ត្រភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូខេត្តកំពត។
ទោះបីយ៉ាងណាគម្រោងនេះ នៅមិនទាន់ឲ្យដឹងពីទំហំនៃការប្រើប្រាស់ថវិកានៅឡើយ ប៉ុន្តែទំហំការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ មានច្រើនគួរសមបម្រើឱ្យទាំងការសិក្សាស្រាវជ្រាវបទពិសោធន៍ និងចង់ដឹងពីបច្ចេកវិទ្យាវិស័យវារីអគ្គិសនីនៅកម្ពុជា និងបំរើឲ្យវិស័យទេចរណ៍ក្នុងតំបន់នៃខេត្តកំពតនេះ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!