លោក ស ខេង បញ្ចប់មុខតំណែងលោក រុំ សុវិជ្ជា ពីនាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ ក្រោយផឹកស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ និងប្រមាថអភិបាលខេត្តកំពង់ធំ
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបញ្ចប់មុខតំណែងលោក រុំ សុវិជ្ជា ពីនាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ ក្រោយផឹកស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ និងប្រមាថអភិបាលខេត្តកំពង់ធំ ។
យោងតាមរយៈប្រកាសរបស់លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ចប់មុខតំណែង លោក រុំ សុវិជ្ជា អត្តលេខ០៣៨៧៤ នាយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្រោយបើករថយន្តទាំងស្រវឹងទៅបុកទ្រព្យសម្បត្តិសាធារណៈ និងជេរប្រមាថធ្ងន់ៗ ទៅលើអភិបាលខេត្តកំពង់ធំ។
ក្នុងប្រកាសរបស់លោក ស ខេង បានកំណត់ឲ្យលោក រុំ សុវិជ្ជា ត្រូវមកបង្ហាញមុខនៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការរហូតដល់មានការសម្រេចជាថ្មី ផងដែរ ។
សូមបញ្ជាក់ថា លោក រុំ សុវិជ្ជា បានផឹកស្រាស្ររឹងជោកជាំរួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាក លោកតាអាចារ្យលាក់ បណ្តាលឲ្យខូចខាត ហើយអ្វីដែលធ្វើឲ្យកាន់តែភ្ញាក់ផ្អើលទៀតនោះ គឺមន្ត្រីនគបាលចរាចរណ៍ជាន់ខ្ពស់រូបនេះ បានស្រែកជេរ និងប្រមាថយ៉ាងធ្ងន់ៗ ទៅអភិបាលខេត្តកំពង់ធំលោក សុខ លូ ថា នៅទីតាំកើតហេតុមិនមានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបឲ្យគាត់ជួបគ្រោះថ្នាក់បែបនេះ ប៉ុន្តែតាមការពិតនៅទីតាំងកើតហេតុ មានភ្លើងបំភ្លឺគ្រប់គ្រាន់ និងមានចំណាំងផ្លាតយ៉ាងពិតប្រាកដ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!