រដ្ឋមន្ត្រីក្រសួងផែនការ ចុះត្រួតពិនិត្យ នៃការអនុវត្តផ្ទាល់ពីដំណើរការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ ១៩ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ
កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានចុះត្រួតពិនិត្យ នៃការអនុវត្តផ្ទាល់ ពីដំណើរការនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ ១៩ នៅឃុំចំនួន៣ នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ រួមមាន៖ ឃុំព្រៃញាតិ, ឃុំទឹកល្អក់ និងឃុំស្រង់ ។
ក្នុងឱកាសនេះ លោក ឆាយ ថន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាននៃស្រុកគងពិសី ដែលបានរៀបចំដំណើរការយន្តការនៃការអនុវត្តការងារនេះបានយ៉ាងល្អ មានការយកចិត្តទុកដាក់ខ្ពស់អំពីស្ថានភាពជីវភាព ការរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងបានយ៉ាងល្អ ជាពិសេសស្ថានភាពប្រជាជនក្រីក្រ ដែលត្រូវការជំនួយជាបន្ទាន់ ដែលក្នុងនាមជាអាជ្ញាធរមូលដ្ឋានត្រូវតែមានការគិតគូរជូនពួកគាត់។
លោករដ្ឋមន្ត្រី ឆាយ ថន បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន មេត្តាជួយសហការ និងតាមដានដំណើរការការងារនេះឱ្យបានជាប់ជាប្រចាំ ដើម្បីជៀសវាងឱ្យបានប្រតិកម្មពីប្រជាជននៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមអនុវត្តការផ្តល់អន្តរាគមន៍ និងស្នើដល់លោកអភិបាលស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋានទាំងអស់នៃស្រុកគងពិសី ក៏ដូចថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ឃុំ ស្រុក ក្រុង ទូទាំងប្រទេស ពន្លឿនអោយលឿនតាមផែនការដែលបានកំណត់ ដែលជាគោលការណ៍ត្រូវរៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ ដែល (១) តំបន់ជនបទឱ្យបានចប់សព្វគ្រប់មុនដំណាច់ខែឧសភា ឆ្នាំ២០២០ និង (២) តំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០ ដោយប្រើយន្តការកំណត់អត្តសញ្ញាណម្មគ្រួសារក្រីក្រ តាមការស្នើសុំ និង ត្រូវមានការពិគ្រោះយោបល់ជាមួយភូមិ និងឃុំ ករណីមានការដកចេញនូវគ្រួសារណាដែលមានជីវភាពលេចធ្លោ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!