កម្មកររោងចក្រកាត់ដេរអឹមវ៉េ ស្វែងរកកិច្ចអន្តរគមន៍ពីរដ្ឋសភា
សំឡេង៖
កម្មកររោងចក្រកាត់ដេរអន្តរជាតិឈ្មោះ អឹមវ៉េ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោមប្រមាណជាង ១000នាក់ បន្តធ្វើ កូដកម្មមិនចូលធ្វើការ ខណៈដែលតំណាងរបស់ពួកគេជាង១០០ នាក់ បានដាក់ញត្តិនៅរដ្ឋសភាសុំអន្តរគមន៍ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីឲ្យរដ្ឋសភាជួយរកយុត្តិធម៌ជួនកម្មករ បើទោះជា តុលាការបានចេញសាលក្រមបង្ខំឲ្យ កម្មករចូលធ្វើការ ទាំងមិនមានដំណោះស្រាយក៏ដោយ។
កម្មកររោងចក្រអឹមវ៉េ អ្នកស្រី ជាម សុខធីម បានប្រាប់វិទ្យុសំឡេងយុវជន VOY នៅព្រឹកនេះថា ពួកគេបានធ្វើបាតុកម្មទាមទារលក្ខខណ្ឌការងារជាង ១០ថ្ងៃហើយ នៅតែមិនមានដំណោះស្រាយ តែបែរជាតុលាការដំបូលរាជធានីភ្នំពេញ បានចេញសាលក្រមបង្ខំឲ្យកម្មករចូលធ្វើការវិញ ក្នុងរយៈពេល ២៤ ម៉ោង បើមិនដូច្នេះទេ កម្មករទាំងអស់នឹងត្រូវបាត់បង់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ពីក្រុមហ៊ុន។ អ្នកស្រីបន្ថែមថា កាលពីថ្ងៃទី ២៣ កន្លងទៅ តុលាការបានចេញសាលក្រមម្តងរួចមកហើយ ដោយឲ្យកម្មករចូលការធ្វើវិញ នៅពេលនោះកម្មករទាំងអស់ ក៏យល់ព្រមចូល ប៉ុន្តែការចូលធ្វើការរបស់ពួកគេ មិនមានការចេញមុខមកដោះស្រាយពីភាគីក្រុមហ៊ុននោះទេ ទើបនៅព្រឹកនេះ កម្មករទាំងអស់ សម្រេចចិត្តធ្វើការតវ៉ាជាថ្មីទៀត។
លោក ម៉េង ស៊ីខា ប្រធានសហជីពឯករាជ្យកម្ពុជាប្រចាំរោងចក្រ បានឲ្យដឹងដែរថា កម្មករជាង១០០០ នាក់ បានធ្វើបាតុកម្មនៅមុខរោងចក្រ ដើម្បីការពារកុំឲ្យថៅកែរោងចក្រ នាំយកគ្រឿងចក្រចេញពីក្រុមហ៊ុន និងតំណាងកម្មករប្រមាណជាង១០០នាក់ទៀត បានហែរញត្តិទៅរដ្ឋសភា ដើម្បីសុំអន្តរគមន៍ ឲ្យជួយរកយុត្តិធម៍ជូនកម្មករ និងទាមទារលក្ខខណ្ឌការងារ។
លក្ខខណ្ឌការងារដែលកម្មកររោងចក្រ អឹមវ៉េ ធ្វើការទាមទារនោះរួមមាន តំឡើងលុយប៊ុងជូនកម្មករ ផ្តល់លុយថែមម៉ោង ២០០០រៀលបន្ថែម និងទាមទារឲ្យមានលុយបាយថ្ងៃត្រង់ជាដើម។
លោក ម៉េង ស៊ីខា បានឲ្យដឹងបន្ថែមថា ញត្តិរបស់តំណាងកម្មករ បានដាក់ជូនទៅគណៈកម្មការទី ៨ នៃរដ្ឋសភាហើយ។ ដោយហេតុថាសាលក្រមរបស់តុលាការ បានផុតតំណត់នៅព្រឹកនេះ ដូច្នេះលោកស្នើឲ្យកម្មករទាំងអស់ ចូលធ្វើការវិញ ដើម្បីកុំឲ្យខុសទៅនឹងនីតិវិធីច្បាប់ ដែលជាហេតុធ្វើឲ្យភាគីក្រុមហ៊ុន មានលេសបញ្ឈប់កម្មករ ដោយមិនផ្តល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ។
វិទ្យុសំឡេងយុវជន VOY មិនទាន់អាចសុំការបំភ្លឺពីភាគីរោងចក្រ ជុំវិញករណីនេះបាននៅឡើយ។ ចំណែកឯលោកស្រី កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ដែលតំណាងកម្មការបានយកញត្តទៅជូននៅព្រឹកនេះ ក៏មិនអាចសុំការអត្ថធិប្បាយបានដែរ ដោយសារទូរស័ព្ទចូលពុំមានអ្នកទទួល ។
កម្មករបានឲ្យដឹងថា រោងចក្រការដេរសំលៀកបំពាក់ អឹមវ៉េ ដែលមានថៅកែជាជនជាតិ ចិន ស្ថិតក្នុងភូមិព្រែកតាឡឹង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានកម្មករសរុបប្រមាណជាង ៣០០០នាក់ ហើយបានធ្វើការតវ៉ាទាមទារលក្ខខណ្ឌការងារ តាំងពីថ្ងៃទី ២០ ខែឧសភាមកម្លេះ។
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!