អ្នកនាំពាក្យក្រសួងការពារជាតិ បង្ហាញការសោកស្តាយ និងខកចិត្តជាខ្លាំងចំពោះការរិះគន់របស់មតិមួយចំនួន ពាក់ព័ន្ធនឹងការបំពាក់មេដាយជូនមន្ត្រីយោធាជំនាញវេជ្ជសាស្ត្រ នៃប្រទេសចិន
អ្នកនាំពាក្យក្រសួងការពារជាតិ បង្ហាញការសោកស្តាយ និងខកចិត្តជាខ្លាំងចំពោះការរិះគន់របស់មតិមួយចំនួន ពាក់ព័ន្ធនឹងការបំពាក់មេដាយជូនមន្ត្រីយោធាជំនាញវេជ្ជសាស្ត្រ នៃប្រទេសចិន ។
នៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២០ លោក ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា តាមរយៈបណ្ដាញ Facebook របស់លោក បានបង្ហាញការសោកស្ដាយ និងខកចិត្តជាខ្លាំង ចំពោះការរិះគន់របស់មតិមួយចំនួន ដែលបានវាយប្រហារមកលើកិច្ចការមនុស្សធម៌របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបំពាក់មេដាយ ជាគ្រឿងឥស្សរិយយស ដោយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងនាមរាជរដ្ឋាភិបាលនៃរដ្ឋអធិបតេយ្យ ឯករាជ្យ ជូនដល់មន្ត្រីយោធាជំនាញវេជ្ជសាស្ត្រ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានមកជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយលោក ឈុំ សុជាតិ ចាត់ទុកអ្នកទាំងនោះ គ្មានសតិសម្បជញ្ញៈ ។
អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានលើកឡើងថា ការរិះគន់នេះ មិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៃស្ថានភាពដែលកម្ពុជា ក៏ដូចជាប្រទេសជាច្រើន នៅលើពិភពលោក បាននិងកំពុងប្រឈមមុខ នឹងការរីករាលដាលឆ្លងជំងឺកូវីដ១៩ រាប់លាននាក់ និងមានមនុស្សស្លាប់រាប់សែននាក់ នោះទេ ។ លោកបន្តថា ការទទួលជំនួយជាសម្ភារៈពេទ្យ ដើម្បីទប់ស្កាត់ និងប្រឆាំងជំងឺកូវីដ១៩ គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ និងជាការបង្ហាញនូវកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ និងការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ផងដែរ។
លោក ឈុំ សុជាតិ គូសបញ្ជាក់ថា ការបំពាក់មេដាយកិត្តិយសដល់សប្បុរសជន មិនថាជូនដល់ជនរួមជាតិកម្ពុជា ឬជូនទៅជនបរទេស គឺជាកាយវិការមនុស្សធម៌ បង្ហាញនូវសាមគ្គីភាព ការលើកទឹកចិត្តប្រកបដោយគុណធម៌ឆ្លើយតបទៅនឹងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមរបស់សកលលោក។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរូបនេះ សង្កត់ធ្ងន់ថា ការរិះគន់ វាយប្រហារក្នុងចេតនាបន្ទុចបង្អាក់ សកម្មភាពមនុស្សធម៌ គឺជាសារជាតិរបស់ក្រុមប្រឆាំង ដែលមិនត្រឹមតែមិនបានផ្តល់នូវប្រយោជន៍ សម្រាប់បម្រើប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវឥរិយាបថបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចសហការល្អ និងការទំនាក់ទំនងជាអន្តរជាតិ និងក៏ជាចេតនាទុច្ចរិតមិនឱ្យតម្លៃអាយុជីវិតរបស់ពលរដ្ឋកម្ពុជា ខណៈដែលសិទ្ធិរស់រានមានជីវិតត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ហើយដែលប្រជាជនកម្ពុជា គួរតែមានមោទនភាព ខណៈដែលមានប្រទេសជាមិត្តជួយឧបត្ថមគាំទ្រ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!