កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ១លានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាលើកទី៣ ដែលត្រូវជាឆ្នាំទី ៩ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា
កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ១លានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាលើកទី៣ ដែលត្រូវជាឆ្នាំទី ៩ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា ។
នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ លោកស្រី អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងប្រគល់ថវិកា $១,០០០,០០០ (មួយលានដុល្លារអាមេរិក) ជាលើកទី ៣ (ជាថវិកាទទួលបានពីសប្បុរសជនក្នុងទិវា ៨ ឧសភា) ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានគណៈប្រតិភូដឹកនាំដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ។
ក្នុងឱកាសជួបសវនាការនោះ លោកស្រី អាន្នី សុខអាន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះគណៈប្រតិភូ ក៏ដូចជាស្ថាបនិក-ថ្នាក់ដឹកនាំ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលខិតខំប្រឹងប្រែងកៀរគររកមូលនិធិដេីម្បីទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ជាពិសេស ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាកម្មសុខភាព ជូនស្ត្រីមានផ្ទៃពោះ និងកុមារកម្ពុជារាប់ពាន់ រាប់ម៉ឺននាក់នៅទូទាំងប្រទេស។
ទន្ទឹមនឹងនេះ លោកស្រីអនុប្រធាន បានជម្រាបជូនគណៈប្រតិភូអំពីប្រតិបត្តិការមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជាពិសេសក្នុងការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការជួយសម្រាលការលំបាកផ្នែកជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងការចុះអប់រំផ្សព្វផ្សាយជាប្រចាំស្តីពីវិធានការនានាជាបន្តបន្ទាប់របស់ក្រសួងសុខាភិបាល។
ជាកិច្ចឆ្លើយតប លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបន្តចូលរួមចំណែកជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការជំរុញលើកទឹកចិត្តដល់បុគ្គលិកទាំងអស់បន្តនូវការបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានគាំទ្រកាន់តែច្រើនពីសំណាក់សប្បុរសជនជាតិ និងអន្តរជាតិ ជាពិសេស ធានាបាននូវនិរន្តរភាពរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តទ្រទ្រង់ដល់សុខុមាលភាពរបស់ស្ត្រី និងកុមារកម្ពុជា។
សូមបញ្ជាក់ថា នេះជាលើកទី ៣ ដែលកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ១លានដុល្លារជូនមូលនិធិគន្ធបុប្ផាកម្ពុជា ហើយដែលត្រូវជាឆ្នាំទី ៩ (៩លើក) សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា គិតពីឆ្នាំ ២០១២ បន្តបន្ទាប់មក៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!