រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ទទួលជួបនាយកប្រតិបត្តិក្រុមហ៊ុន កូកា កូឡា កម្ពុជា
លោកស្រី អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោក ដេវីដ វឹងហ្គល់វើត នាយកប្រតិបត្តិ ក្រុមហ៊ុន បេវេរេដ កម្ពុជា (Cambodia Beverage) ហៅថា កូកា កូឡា កម្ពុជា ដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងកិច្ចការនារី នាព្រឹកថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២០ ។
ក្នុងជំនួបនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុនកូកា កូឡា កម្ពុជា បានរាយការណ៍យ៉ាងសង្ខេបអំពីលទ្ធផលសំខាន់ៗរបស់ក្រុមហ៊ុន ក្នុងការគាំទ្រដល់បុគ្គលិក និងថ្នាក់ដឹកនាំជាស្រ្តី នៅក្នុងក្រុមហ៊ុន រួមទាំងការគាំទ្រលើការបង្កើតបរិយាកាស នៅកន្លែងការងារ ការអភិវឌ្ឍសមត្ថភាព និងការដាក់កូតា ក្នុងការជ្រើសរើសបុគ្គលិកជាស្រ្តី ។
នៅក្នុងនោះ ក្រុមហ៊ុនក៏បានដាក់គោលដៅ ឱ្យសម្រេចចំនួន ៥០% ជាស្រ្តី ជាថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន នៅឆ្នាំ ២០២៥ ខាងមុនេះ ហើយក៏បានស្នើសុំកិច្ចសហការ និងគាំទ្រពីក្រសួងកិច្ចការនារី ក្នុងភាពជាដៃគូ ដើម្បីសម្រេចគោលដៅនេះ ផងដែរ ។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក៏បានកោតសរសើរចំពោះស្នារដៃ កន្លងមករបស់ក្រុមហ៊ុន និងការដាក់ចេញនូវគោលដៅ នៅឆ្នាំ ២០២៥នេះ ដោយលោកស្រី គាំទ្រចំពោះការស្នើឡើងរបស់តំណាងក្រុមហ៊ុនកូកា កូឡានេះ និងជំរុញឱ្យមានកិច្ចសហការកាន់តែទូលំទូលាយ ក្នុងការគាំទ្រទាំងបុគ្គល ទាំងអ្នកចែកចាយ និងអ្នកទទួលយកផលិតផលរបស់ក្រុមហ៊ុនយកទៅលក់បន្ត ដែលភាគច្រើនជាស្រ្តី ។
ជាមួយគ្នានេះ លោកស្រីរដ្ឋមន្ត្រី ក៏សំណូមពរឱ្យក្រុមហ៊ុនផ្តល់ឱកាសហាត់ការដល់យុវជន ឱ្យបានច្រើន ដើម្បីឱ្យសិស្ស និស្សិត បានដឹងពីឱកាសការងារនានា នៅក្នុងក្រុមហ៊ុន ។
លោកស្រីរដ្ឋមន្ត្រី ក៏បានឯកភាព ក្នុងការរៀបចំឱ្យមានកិច្ចពិភាក្សាបន្ថែម ក្នុងកម្រិតបច្ចេកទេស និងឈានទៅរៀបចំឱ្យមាន កិច្ចព្រមព្រៀងជាផ្លូវការ ក្នុងពេលខាងមុខនេះ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!