មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ណែនាំមន្ត្រីតាមស្ថានីយឱ្យពង្រឹងការអនុវត្តការងារឱ្យបានកាន់តែប្រសើរ និងមានប្រសិទ្ធភាព ប្រកបដោយក្រមសីលធម៌
កិច្ចប្រជុំប្រចាំខែ និងត្រីមាសរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ។
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានដឹកនាំការប្រជុំបូកសរុបលទ្ធផលការងារ ដែលបានអនុវត្តរយៈពេល ៣ខែកន្លងមក ។
កិច្ចប្រជុំនេះមានការចូលរួមពី នាយកខុទ្ទកាល័យ អនុរដ្ឋលេខាធិការទទួលបន្ទុក សមាជិក សមាជិកាលេខាធិការដ្ឋាន និងប្រធាន អនុប្រធានស្ថានីយជញ្ជីងទាំង ២៨ ផងដែរ ។
លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ បានកោតសរសើរដល់មន្រ្តីទាំងអស់ ដែលបានខិតខំអនុវត្តន៍ការងាររឹតបន្តឹងបទល្មើសដឹកលើសទម្ងន់កម្រិតកំណត់រយៈពេល កន្លងមក។
គួរកត់សម្គាល់ថា តាមរបាយការណ៍នៃការអនុវត្ត ៣ខែកន្លងទៅ មានបទល្មើសសរុបចំនួន ៩៤៩គ្រឿង ក្នុងនោះខែកុម្ភៈ មានបទល្មើសចំនួន ២៧០ គ្រឿង ខែមីនា ចំនួន ៣៨១ គ្រឿង និងខែមេសា ២៩៨ គ្រឿង។
កិច្ចប្រជុំនេះ ក៏បានលើកឡើងពីទិសដៅការងារដែលត្រូវអនុវត្តក្នុងត្រីមាសបន្ទាប់ដូចជា ៖ ការងារបង្កើតទីតាំងស្ថានីយថ្មី រុះរើ និងធ្វើឱ្យប្រសើរឡើងនៅតាមស្ថានីយមួយចំនួន។
នៅក្នុងឳកាសនោះ លោក សេង ឈួន ក៏បានណែនាំដល់មន្ត្រីតាមស្ថានីយឱ្យពង្រឹងការអនុវត្តការងារឱ្យបានកាន់តែប្រសើរ និងមានប្រសិទ្ធភាព ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ការងារ និងសហការល្អជាមួយដៃគូពាក់ព័ន្ធ។
សួមបញ្ជាក់ថា នេះជាត្រីមាសដំបូងនៃការអនុវត្តការងាររបស់គណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើកំណែទម្រង់សមាសភាពមន្ត្រីដោយផ្អែកតាមអនុក្រឹត្យលេខ ១៤១អនក្រ.បក ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!