លោក ហេង សំរិន ជំរុញឯកអគ្គរាជទូតកម្ពុជា ប្រចំាប្រទេសនានា តម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត
លោក ហេង សំរិន ជំរុញឯកអគ្គរាជទូតកម្ពុជា ប្រចំាប្រទេសនានា តម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ។
ក្នុងឱកាសអនុញ្ញាតឲ្យឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មី ប្រចំាបណ្តាប្រទេសនានា ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ មុនចេញទៅបំពេញបេសកកម្មការទូតនៅក្រៅប្រទេស លោក ហេង សំរិន ប្រធានរដ្ឋសភា បានផ្តាំផ្ញើដល់ឯកអគ្គរាជទូតទំាងនោះ ត្រូវតម្កល់ប្រយោជន៍ជាតិជាធំ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សាការពារ និងលើកតម្លៃជាតិជានិច្ច និងត្រូវពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរ និងស្អិតរមួតថែមទៀត ដើម្បីទាញយកផលប្រយោជន៍សម្រាប់ប្រទេសជាតិ។
លោកប្រធានរដ្ឋសភា បានណែនាំ លោក លោកស្រី ឯកអគ្គរាជទូតដែលទើបតែងតំាង បន្ថែមថា ត្រូវបង្ហាញ និងប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងសេចក្តីថ្លៃថ្នូរ ដោយត្រូវបន្តលើកកម្ពស់ផ្សព្វផ្សាយឱ្យបរទេសស្គាល់កម្ពុជា ឱ្យបានច្បាស់ទាំងផ្នែកសិល្បៈ វប្បធម៌ប្រពៃណីរបស់ខ្មែរ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីអត្តសញ្ញាណរបស់ជាតិ ដែលមានវប្បធម៌ផូរផង់ តាំងពីសម័យអង្គរមក។
លោក ហេង សំរិន បានជំរុញដល់ឯកអគ្គរាជទូតទំាងអស់ ត្រូវយកចិត្តទុកដាក់ ជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ពលរដ្ឋខ្មែរ ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសក្នុងកាលៈទេសៈការរាតត្បាត នៃមេរោគកូវីដ១៩ ជាមួយនឹងវិធានការការពារ និងការធ្វើដំណើរ ដោយបង្កើតប្រព័ន្ធចែករំលែកព័ត៌មានឱ្យគ្នាទៅវិញទៅមក រវាងស្ថានទូត និងប្រជាពលរដ្ឋខ្មែរ។
បន្ថែមពីនេះ លោក ហេង សំរិន បានផ្តាំផ្ញើដល់លោក លោកស្រី ដែលជាតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជានៅលើឆាកអន្តរជាតិនេះ ត្រូវធ្វើការពន្យល់ឱ្យបានច្បាស់លាស់ ចំពោះទង្វើបំភ័ន្តមតិឯមហាជន អំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សរបស់កម្ពុជា ដែលមតិអគតិខាងក្រៅ តែងតែបំផ្លើសការពិត ក្នុងគោលបំណងបន្តុះបង្អាប់ និងគៀបសង្កត់ មកលើរាជរដ្ឋាភិបាល ពិសេសត្រូវចុះស្វែងយល់សុខទុក្ខ និងក្តាប់ព័ត៌មានឱ្យបានច្បាស់លាស់ ជាក់ស្តែងអំពីប្រជាពលរដ្ឋ សិស្ស-និស្សិត និងពលករខ្មែរ ដែលកំពុងរស់ក្រៅប្រទេស។
លោកបានលើកឡើងថា ក្នុងកាលៈទេសៈបច្ចុប្បន្ន បច្ចេកវិទ្យាព័ត៌មានវិវឌ្ឍន៍យ៉ាងឆាប់រហ័យ និងសភាពការណ៍តំបន់ និងពិភពលោកប្រែប្រួលឥតឈប់ឈរនេះ ឯកអគ្គរាជទូត ត្រូវមានភាពអន្តរសកម្មជានិច្ច ដោយត្រូវក្តាប់ឱ្យបានច្បាស់នូវសភាពការណ៍ និងព័ត៌មាន ជាពិសេស ព័ត៌មានពីអគតិខាងក្រៅ ដែលតែងតែបំផ្លើសការពិត ក្នុងគោលបំណងបន្តុះបង្អាប់វាយប្រហារ និងគៀបសង្កត់ជាតិ ហើយត្រូវបង្ករលក្ខណៈងាយស្រួលលើ សេវាកម្មនានា របស់ស្ថានទូត លើកកម្ពស់ សុខុមាលភាព និងការពារផលប្រយោជន៍របស់ពួកគាត់ ហើយត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយឯកអគ្គរដ្ឋទូត-រាជទូត នៃបណ្តាប្រទេសដទៃទៀត ប្រចាំនៅប្រទេសដែលលោក លោកស្រី ជាតំណាងនៅទីនោះ។
ប្រមុខរដ្ឋសភាកម្ពុជារូបនេះ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី ទាំងអស់ នឹងប្រតិបត្តិតួនាទីរបស់ខ្លួនបានល្អជានិច្ច សក្តិសមជាឯកអគ្គរាជទូត ដែលរាជរដ្ឋាភិបាលបានផ្តល់នូវទំនុកចិត្ត និងសូមជូនពរ មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មការទូត ដើម្បីឧត្តមប្រយោជន៍ជាតិ ៕
សូមជម្រាបដែរថា ឯកអគ្គរាជទូតដែលទើបតែងតំាង ដែលបានចូលសម្តែងការគួរសមជាមួយ លោក ហេង សំរិន ដើម្បីទទួលបានអនុសាសន៍ណែនាំ មុនចេញទៅបំពេញបេសកកម្មការទូត នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះ មាន ១- លោក កាន់ ផារិទ្ធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេស ២- លោក តាន់ វុដ្ឋា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋស៊ែប៊ី ៣- លោក មាស គឹមហេង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី ៤- លោក កេត សោផាន់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង ៥- លោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៦- លោក សៀង ប៊ុនវុធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ៧- លោកស្រី ផែន សាវនី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ៨- លោក អុីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី ៩- លោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសឹង្ហបូរី ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!