ដោយសារបាតុកម្មនៅសហរដ្ឋអាមេរិក ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងសិក្សារៀនសូត្រនៅសហរដ្ឋអាមេរិក ស្ថិតនៅឱ្យឆ្ងាយពីការជួបជុំ ឬប្រមូលផ្តុំនានា
ដោយសារបាតុកម្មនៅសហរដ្ឋអាមេរិក ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក អំពាវនាវដល់ប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សារៀនសូត្រនៅសហរដ្ឋអាមេរិក ត្រូវស្ថិតនៅឱ្យឆ្ងាយពីការជួបជុំ ឬការប្រមូលផ្តុំនានា ។
យោងតាមសេចក្ដីអំពាវនាវរបស់ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានអោយដឹងថា ទ្រព្យសម្បត្តិ ព្រមទាំងអាជីវកម្មមួយចំនួនរបស់ប្រជាពលរដ្ឋខ្មែរនៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក បានរងការបំផ្លិចបំផ្លាញ ដោយសារតែបាតុកម្មហិង្សា កាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២០ កន្លងទៅនេះ ។ ជាមួយគ្នានេះ ស្ថានទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ក៏មានការសោកស្ដាយចំពោះការខូតខាតនេះ និងមានការព្រួយបារម្ភថា ករណីបែបនេះក៏អាចកើតមានផងដែរចំពោះពលរដ្ឋខ្មែរនៅតាមទីក្រុងផ្សេងៗទៀត។
ស្ថានទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានអំពាវនាវដល់ប្រជាពលរដ្ឋ សិស្ស និស្សិត ត្រូវស្ថិតនៅឱ្យឆ្ងាយពីការជួបជុំ ឬប្រមូលផ្តុំនានា ទោះបីក្រោមរូបភាព ឬមូលហេតុអ្វីក៏ដោយ , គោរពឱ្យបានខ្ជាប់ខ្លួនតាមបម្រាមគោចរ និងបម្រាមនានារបស់អាជ្ញាធរមូលដ្ឋាន ដែលខ្លួនកំពុងស្ថិតនៅ ។
បន្ថែមពីលើនេះ ត្រូវកាត់បន្ថយការចេញទៅក្រៅ ក្នុងករណីចាំបាច់ត្រូវប្រកាន់នូវស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះសុវត្ថិភាពផ្ទាល់ខ្លួនពីការឆ្លងជំងឺ និងហានិភ័យជាយថាហេតុបណ្ដាលពីបាតុកម្ម។ ក្នុងករណីអាសន្ន ត្រូវទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ឬស្ថានទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ដើម្បីសុំកិច្ចអន្តរាគមន៍ផ្សេងៗ ។
សូមបញ្ជាក់ថា នៅសហរដ្ឋអាមេរិក កំពុងផ្ទុះនូវការធ្វើបាតុកម្មយ៉ាងខ្លាំងក្លា ក្នុងបំណងទាមទាររកយុត្តិធម៌ជូនបុរសជនជាតិអាមេរិកស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) ដែលត្រូវបានប៉ូលិសយកជង្គង់សង្កត់ករហូតដល់ស្លាប់ នៅទីក្រុង មីននាផូលីស (Minneapolis)។
ទីក្រុងចំនួន ៤០ហើយនៅទូទាំងសហរដ្ឋអាមេរិក បានដាក់ចេញបំរាមគោចរ នៅក្នុងបរិបទដែលបាតុកម្មតវ៉ារកយុត្តិធម៌ឱ្យ George Floyd នៅតែបន្តធ្វើឡើង ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!