កម្ពុជា-ជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហរិញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ ៤១.៤លានដុល្លារ សម្រាប់អនុវត្ដគម្រោង ចំនួន៣ នៅកម្ពុជា
កម្ពុជា-ជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហរិញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ ៤១.៤លានដុល្លារ សម្រាប់អនុវត្ដគម្រោង ចំនួន៣ នៅកម្ពុជា ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានអោយដឹងថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ លោក ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៤,៥០១ លានយ៉េន (ប្រមាណ៤១.៤លានដុល្លារ) សម្រាប់អនុវត្ដគម្រោងចំនួន៣ នៅក្នុងប្រទេសកម្ពុជា។
គម្រោងអនុវត្តទាំង ៣នេះ រួមមាន៖
១. អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សចំនួន ៣៤៨ លានយ៉េន (ប្រមាណ៣.២លានដុល្លារ)
២. ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន២,១៥៣ លានយ៉េន (ប្រមាណ១៩.៨លានដុល្លារ)
៣. កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្តល់សម្ភារវេជ្ជសាស្ត្រសម្រាប់ការការពារ និងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ២,០០០លានយ៉េន (ប្រមាណ ១៨.៤០ លានដុល្លារ)។
ក្រសួងការបរទេសកម្ពុជា អះអាងថា ហិរញ្ញប្បទានឥតសំណង ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ទៀតផង ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!