អភិបាលខេត្តកំពង់ស្ពឺ ៖ ជំងឺកូវីដ-១៩ បានជះឥទ្ធិពលដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលនាំអោយពលរដ្ឋធ្លាក់ក្នុងភាពក្រីក្រ
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការរីករាលដាលនៃមេរោគជំងឺកូវីដ-១៩ បានជះឥទ្ធិពលដល់ប្រជាពលរដ្ឋទូទាំង មិនត្រឹមតែគ្រួសារក្រីក្រ និងជនងាយរងគ្រោះនោះទេ ក៏នៅមានគ្រួសារមួយចំនួនផ្សេងៗទៀតកំពុងរងផលប៉ះពាល់ ដែលធ្លាក់ចូលក្នុងភាពក្រីក្រ នាពេលនេះផងដែរ ។
នៅព្រឹកថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២០ លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលកូវីដ-១៩ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ។
យោងតាមរបាយការណ៍របស់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ដោយសារតែមានតម្រូវការចាំបាច់ ដើម្បីដោះស្រាយបានទាន់ពេលវេលានៃការរីករាលដាលនៃមេរោគជំងឺកូវីដ-១៩ បានជះឥទ្ធិពលដល់ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែគ្រួសារក្រីក្រ និងជនងាយរងគ្រោះនោះទេ ក៏នៅមានគ្រួសារមួយចំនួនផ្សេងៗទៀតកំពុងរងផលប៉ះពាល់ នៅធ្លាក់ចូលក្នុងភាពក្រីក្រ នាពេលនេះផងដែរ ។
លោកអភិបាលខេត្ត បន្តថា សម្រាប់ខេត្តកំពង់ស្ពឺការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ បង្ហាញឱ្យឃើញថា ចំនួនគ្រួសារដែលបានពាក្យស្នើសុំសម្ភាសន៍មានចំនួន ៣.៤៥៤គ្រួសារ ចំនួនសម្ភាសន៍ ៣.៣៣៥គ្រួសារ ចំនួនគ្រួសារក្រីក្រដែលបានអនុម័ត ក្រកម្រិត ១ មានចំនួន ១.៦៦០គ្រួសារ និងក្រកម្រិត ២ មានចំនួន ១.៤៩៣គ្រួសារ ។
នៅក្នុងកិច្ចប្រជុំនេះ លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា របៀបវារៈសម្រាប់កិច្ចប្រជុំនាពេលនេះ គឺអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានចេញសេចក្ដីជូនដំណឹងដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន តាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលដឹកនាំដោយក្រសួងផែនការ ឲ្យមានភាពច្បាស់លាស់ បំបាត់ភាពមិនប្រក្រតី នៅសម្រេចឱ្យបានចប់សព្វគ្រប់នៅដំណាច់ខែឧសភា ឆ្នាំ២០២០ ចំពោះតំបន់ជនបទ និងតំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!