ប្រទេសន័រវែស បន្តជួយដល់វិស័យសកម្មភាពមីននៅកម្ពុជា ប្រមាណជាង ៥ លានដុល្លារអាមេរិក សម្រាប់រយៈពេល ៤ឆ្នាំបន្ត
ប្រទេសន័រវែស បន្តជួយដល់វិស័យសកម្មភាពមីននៅកម្ពុជា ប្រមាណជាង ៥ លានដុល្លារអាមេរិក សម្រាប់រយៈពេល ៤ឆ្នាំបន្ត ។
នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោក Zlatko Vezilic ប្រធានគម្រោង Humanitarian Disarmament របស់អង្គការ NPA ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មរយៈពេល ០៤ឆ្នាំ នៅកម្ពុជា។
នៅក្នុងជំនួបនោះ លោកប្រធានគម្រោងរបស់អង្គការ NPA ប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសន័រវែស តាមរយៈអង្គការ NPA នឹងបន្តជួយដល់ការបោសសម្អាតមីន នៅជុំវិញពិភពលោក ដោយក្នុងនោះប្រទេសកម្ពុជា ជាករណីពិសេសដែលប្រទេសន័រវែស ផ្តោតយកចិត្តទុកដាក់ខ្ពស់ និងបន្តផ្តល់ជំនួយប្រមាណ ៥ លានដុល្លារអាមេរិក បន្ថែមទៀត សម្រាប់ការងារបោសសម្អាតមីនរយៈពេល ៤ឆ្នាំ ខាងមុខ ។
ក្នុងនាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោក លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនន័រវែស ដែលចូលរួមយ៉ាងសកម្មក្នុងវិស័យសកម្មភាពមីន និងមនុស្សធម៌នៅកម្ពុជា ។
លោក លី ធុជ បញ្ជាក់ថា ន័រវែស បានផ្តល់ជំនួយបោសសម្អាតមីន ការកសាងសមត្ថភាពថ្នាក់ជាតិ ការគ្រប់គ្រងទិន្នន័យមីន និងចូលរួមជាប្រតិបត្តិករបោសសម្អាតគ្រាប់បែកចង្កោមនៅភូមិភាគឦសាន ផងដែរ។
លើសពីនេះ អង្គការ NPA គឺជាអង្គការដំបូងគេបង្អស់នៅលើពិភពលោក ដែលបានបណ្តុះបណ្តាលសុនខហិតមីន និងបានជួយដល់មជ្ឈមណ្ឌលស៊ីម៉ាក់ លេីការការងារបោសសម្អាតមីន ដោយសុនខនៅកម្ពុជា ទៀតផង ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!