ក្រសួងទេសចរណ៍ ដាក់ចេញវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍
ក្រសួងទេសចរណ៍ ដាក់ចេញវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍ និងក្រមប្រតិបត្តិសម្រាប់អនុវត្តន៍ក្នុងអាជីវកម្មធំៗចំនួន ៤ ។
ដើម្បីចូលរួមដល់ការបង្កើនប្រសិទ្ធភាព នៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានដាក់ចេញ និងបន្ទាប់ពីបានពិគ្រោះ និងពិភាក្សាយ៉ាងល្អិតល្អន់ជាមួយក្រសួងសុខាភិបាល និងផ្នែកឯកជនរួចមក ក្រសួងទេសចរណ៍បានសម្រេចដាក់ចេញនូវប្រកាសស្ដីពី “វិធានសុវត្ថិភាពទេសចរណ៍” សម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍ និងក្រមប្រតិបត្តិសម្រាប់អនុវត្តន៍ក្នុងអាជីវកម្មធំៗចំនួន ៤ ។
ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងទេសចរណ៍ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ក្រោមវត្តមាន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អង្គប្រជុំបានបង្ហាញពីប្រភេទ នៃអាជីវកម្មសេវាកម្មទេសចរណ៍ទាំង ៤ នោះ រួមមាន៖
* អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍
* អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍
* អាជីវកម្មសេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក ផ្លូវគោក
* អាជីវកម្មរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍។
ក្នុងវិធានសុវត្ថិភាពទេសចរណ៍ទាំងនេះ ក៏មានការកំណត់នូវលក្ខខណ្ឌជាច្រើន ក្នុងនោះមានលក្ខខណ្ឌតម្រូវចាំបាច់ដោយខានពុំបាន និងលក្ខខណ្ឌជម្រើសដែលអាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវរៀបចំបំពេញតាមលក្ខខណ្ឌកំណត់។
ក្នុងករណីដែលមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ខាងលើ មិនបានបំពេញនូវលក្ខខណ្ឌតម្រូវទេនោះ អាចនឹងប្រឈមនឹងការព្យួរអាជ្ញាបណ្ណទេសចរណ៍មួយរយៈ ប៉ុន្តែក្នុងករណីដែលបានបំពេញនូវលក្ខខណ្ឌតម្រូវបានល្អ បន្ថែមដោយលក្ខខណ្ឌជម្រើសមួយចំនួនទៀត អាចនឹងបានទទួលនូវបណ្ណបញ្ជាក់ និងលិខិតសរសើរ (Label) ទទួលស្គាល់គុណភាពសេវាកម្មក្នុងដំណាក់កាល កូវីដ ១៩ នេះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!