សម័យប្រជុំរដ្ឋសភា បានបន្តធ្វើការពិភាក្សា និងអនុម័តលើសេចក្ដីព្រាងច្បាប់ចំនួន២ បន្ថែមទៀត
សម័យប្រជុំពេញអង្គ នៃរដ្ឋសភា លើកទី៤ នីតិកាលទី៦ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានធ្វើការពិភាក្សា និងអនុម័តលើសេចក្ដីព្រាងច្បាប់ចំនួន២ ដែលនៅសល់កាលពីម្សិលមិញ ។
នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ ក្រោមអធិបតីលោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ចំនួន ១១១រូប។
សម័យប្រជុំរដ្ឋសភានាថ្ងៃនេះ បានធ្វើការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ចំនួន២ ដែលនៅសល់ កាលពីកិច្ចប្រជុំ ថ្ងៃទី ០៤ ខែ មិថុនា ម្សិលមិញនេះ មានដូចជា៖
១- សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ។ សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង ៤៤មាត្រា ដែលមានលោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។
២- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩។ សេចក្តីព្រាងច្បាប់នេះ មាន ៣មាត្រា ដែលមានលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!