ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ទទួលជួបសវនាការជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានអនុញ្ញាតឱ្យលោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម ។
ក្នុងជំនួបនោះ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានស្វាគមន៍លោក MIKAMI Masahiro ដែលមកបំពេញបេសកកម្មនៅកម្ពុជា និងបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនៃប្រទេសទាំងពីរ កម្ពុជា ជប៉ុន ។
លោកទេសាភិបាល បានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ និងពីវិធានការដែលរាជរដ្ឋាភិបាល និងធនាគារជាតិ នៃកម្ពុជា បានដាក់ចេញ ដើម្បីកាត់បន្ថយផលប៉ះពាល់មកលើវិស័យនានា និងប្រជាជនដែលងាយរងគ្រោះ ។
នៅក្នុងនោះ លោកឯកអគ្គរដ្ឋទូតជប៉ុន បានអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជាប្រកបដោយប្រសិទ្ធភាព ហើយលោក ក៏បានបង្ហាញពីការបន្តគាំទ្ររបស់រដ្ឋាភិបាលជប៉ុន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ ដោយជប៉ុនបន្តផ្តល់ជំនួយ ក៏ដូចជាការបង្កើនការវិនិយោគរបស់ជប៉ុននៅកម្ពុជា ដែលក្នុងនោះរួមមាន ការវិនិយោគនៅក្នុងវិស័យធនាគារផងដែរ តាមរយៈវត្តមានរបស់ធនាគារជប៉ុន និងការរួមចំណែកជាភាគទុននៅក្នុងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា។
លោកឯកអគ្គរាជទូតជប៉ុន ក៏បានពាំនាំនូវការពេញចិត្តរបស់វិនិយោគិនជប៉ុនចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា ដែលបានអនុវត្តកន្លងមក សំដៅរក្សាជំនឿទុកចិត្តដល់វិនិយោគិន និងអនុគ្រោះដល់អាជីវកម្មដែលរងផលប៉ះពាល់ផងដែរ ។
ឆ្លៀតក្នុងឱកាសនោះ លោកទេសាភិបាល ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សនៅកម្ពុជា ។ នៅក្នុងនោះ ជប៉ុន បានជួយអភិវឌ្ឍធនធានមនុស្ស នៅធនាគារជាតិ នៃកម្ពុជា តាមរយៈអាហារូបករណ៍ជារៀងរាល់ឆ្នាំ ដោយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏បានជួយសិក្សាពីការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា តាំងពីឆ្នាំ២០១៣ មកផងដែរ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!