ស្នងការដ្ឋាននគរបាលខេត្តកែប បិទវគ្គសិក្សាបំប៉ន ពង្រឹងសមត្ថភាពមន្ត្រីនគរបាលយុត្តិធ៌ម
ស្នងការដ្ឋាននគរបាលខេត្តកែប បិទវគ្គសិក្សាបំប៉ន ពង្រឹងសមត្ថភាពមន្ត្រីនគរបាលយុត្តិធ៌ម រយៈពេល១សប្តាហ៍ ដែលមានសិក្សាកាមចំនួន ៩៧នាក់ ។
កាលព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានចូលរួមក្នុងពិធីបិទវគ្គសិក្សាបំប៉ន ពង្រឹងសមត្ថភាពមន្ត្រីនគរបាលយុត្តិធ៌ម រយៈពេល១សប្តាហ៍ ដែលមានសិក្សាកាមចំនួន៩៧នាក់ ស្រី១៥នាក់ មកពីការិយាល័យជំនាញថ្នាក់ខេត្ត និងក្រុង ស្រុក។
តាមរបាយការណ៍របស់លោកវរសេនីយ៍ទោ សាន គន នាយការិយាល័យបណ្តុះបណ្តាល បានឱ្យដឹងថា ដោយអនុវត្តតាមផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្ត គិតពីដើមឆ្នាំមកដល់ខែនេះបានបើកវគ្គសិក្សារយះពេលខ្លី (មួយសប្តាហ៍) បានចំនួន៦វគ្គ ដែលមានសិក្ខាកាមចូលរៀនចំនួន ២១៣នាក់ ស្រី៣៥នាក់ ។
ថ្លែងនៅក្នុងពិធីនេះ លោកស្នងការនគរបាលខេត្ត បានលើកឡើងអំពីសភាពការណ៍សង្គមបច្ចុប្បន្ន និងបានកោតសរសើរចំពោះអង្គភាពពាក់ព័ន្ធ ដែលខិតខំបង្កើតវគ្គសិក្សារៀនសូត្រ ព្រមទាំងធ្វើឱ្យការសិក្សាក្នុងវគ្គនីមួយៗមានភាពរលូន សម្រេចបានជោគជ័យគ្រប់ៗវគ្គផងដែរ ។
បន្ថែមពីនេះ លោកស្នងការ បានផ្តាំផ្ញើដល់សិក្ខាកាម ដែលបញ្ចប់វគ្គសិក្សាត្រូវយកចំណេះដឹងទៅបំរើការងារក្នុងអង្គភាពឱ្យចំគោលដៅ ដើម្បីធានាសម្រេចបានការងារជំនាញដែលអនុវត្តប្រចាំថ្ងៃ និងដោះស្រាយសភាពការណ៍ រក្សាសន្តិសុខ សុវត្ថិភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ ជូនប្រជាជនក្នុងមូលដ្ឋាន ។
លោក បន្តថា ដើម្បីពង្រឹងរបៀបរបបការងារឱ្យល្អប្រសើរបន្ថែមទៀត មន្ត្រីកងកំលាំងត្រូវគោរពឱ្យបានដាច់ខាតនូវវិន័យរបស់មន្ត្រីកងកំលាំងនគរបាលជាតិ និងត្រូវចេះសាមគ្គីឯកភាពផ្ទៃក្នុងផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!