លោក សុទ្ធ ពុទ្ធិម៉ានីន ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប
លោក សុទ្ធ ពុទ្ធិម៉ានីន ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប ។
តាមសេចក្តីប្រកាសរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លេខ១០១ ដនស/ប្រក/ប ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ បានសម្រេចតែងតាំងលោក សុទ្ធ ពុទ្ធិម៉ានីន ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែបថ្មី ជំនួស លោក វ៉ៅ សុខា ដែលបានតែងតាំងជាអភិបាលរងខេត្តកែប ។
ឆ្លៀតក្នុងឳកាសនោះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដាក់គោលការណ៍ដឹកនាំមួយចំនួន ជូនលោកប្រធានរៀបចំដែនដីថ្មី ត្រូវពង្រឹងសាមគ្គីភាពផ្ទៃ ត្រូវមានកិច្ចសហការល្អជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវមានរបៀបរបបធ្វើការងារឱ្យបានត្រឹមត្រូវស្របតាមប្រកាស និងសេចក្ដីណែនាំដែលបានកំណត់ ត្រូវមានគំនិតផ្តួចផ្តើម និងស្រាវជ្រាវ ស្វែងយល់បន្ថែមអំពីច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធវិស័យសំណង់ និងដីធ្លី ដើម្បីពនឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ ។
ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់កែលម្អសោភ័ណភាព អនាម័យបរិស្ថានទាំងក្នុង និងក្រៅបរិវេណមន្ទីរ និងនៅតាមមុខសញ្ញាដែលមន្ទីរទទួលខុសត្រូវ ត្រូវបន្តអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យបានចប់រួចរាល់ តាមផែនការដែលបានកំណត់ ជាពិសេសត្រូវយកចិត្តទុកដាក់តាមដានត្រួតពិនិត្យលក្ខណៈបច្ចេកសំណង់ ស្ថាបត្យកម្មនានា ដែលបានអនុញ្ញាត និងសំណង់ដែលមិនមានការអនុញ្ញាត ស្របតាមច្បាប់ និងលិខិតបទដ្ឋានកំណត់ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!